ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលជួបសំដែងការគួរសមជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃអង្គារ ១ រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវចាប់ផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជា ។
ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកជំទាវ Silke Röfer ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថ្លែងអំណរគុណចំពោះស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-អាល្លឺម៉ង់ ដ៏ល្អកន្លងមក ។ អាល្លឺម៉ង់ ជាដៃគូអភិវឌ្ឍទ្វេភាគីដ៏សំខាន់មួយក្នុងចំណោមបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបានផ្តល់កិច្ចសហការសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ។ ជាក់ស្តែង, តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ក្នុងរយៈពេលជាង ៣០ ឆ្នាំ កន្លងមក, អាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៨៨៧ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានឥតសំណង/ជំនួយបច្ចេកទេសចំនួន ៧៦២ លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន ១២៥ លានដុល្លារអាមេរិក ដែលគ្របដណ្តប់លើវិស័យគន្លឹ ដូចជា៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, អប់រំ, អភិវឌ្ឍន៍ជនបទ, ថាមពល, សុខាភិបាល, គាំពារសង្គម, ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, វាយនភណ្ឌ និង អភិបាលកិច្ច ។
ឆ្លៀតក្នុងឱកាសនោះ, ដើម្បីសម្រេចគោលដៅកម្ពុជាក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កម្ពុជាត្រូវរក្សាឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងបំណុលសាធារណៈ ការបង្កើនមូលធនក្នុងស្រុក និងការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តការវិនិយោគ ជាពិសេសការទាញយកសក្តានុពល នៃមូលធនឯកជនពីអ្នកវិនិយោគបរទេស និងដៃគូវិនិយោគឲ្យចូលមកកាន់ទីផ្សារប្រកបដោយថាមពលនៅកម្ពុជា ក៏ដូចជាកម្មវិធីកែទម្រង់អាទិភាពផ្សេងទៀតផងដែរ ។ ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ បន្តផ្តល់ការគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា និងជួយសម្របសម្រួលទាក់ទាញវិនិយោគិនអាល្លឺម៉ង់ និងអឺរ៉ុបមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ។
លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអគ្គបណ្ឌិត-សភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវ និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសមិទ្ធផលនៃការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ។ អាល្លឺម៉ង់ ប្តេជ្ញាចិត្តបន្តគាំទ្រការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈ KfW និង GIZ ស្របតាមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរអំពីចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា នៅក្នុងវិស័យដែលមានសក្តានុពល ។
ជាចុងក្រោយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលបាន និងកំពុងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន ជូនពរ លោកជំទាវឯកអគ្គរដ្ឋទូត សូមបំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ និងទទួលបានភាពរីករាយក្នុងឱកាសស្នាក់នៅកម្ពុជា ។









