ក្រសួងព័ត៌មាន និងកាកបាទក្រហមកម្ពុជា ជំរុញការយល់ដឹងពីការប្រើប្រាស់បដិរូប និងច្បាប់មនុស្សធម៌អន្តរជាតិ
នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជា សហការជាមួយក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រើប្រាស់ និងការការពារបដិរូប ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន ជូនដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាតាមបណ្ដាញសង្គម និងមន្ត្រីរាជការក្រសួងព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហមឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ផ្ទៀងផ្ទាត់ព័ត៌មាន និងរូបភាពមុនពេលផ្សព្វផ្សាយ ដើម្បីជៀសវាងការភ័ន្តច្រឡំអំពីបេសកកម្មមនុស្សធម៌ និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ជាមួយគ្នានេះ លោកជំទាវ ពុំ ចន្ទីនី បានថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន ដែលបានសហការគាំទ្រដល់ការផ្សព្វផ្សាយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ លោកជំទាវបានបញ្ជាក់ថា បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គឺជានិមិត្តសញ្ញាដែលទទួលបានការការពារដោយច្បាប់ មិនមែនជាឡូហ្គោធម្មតាដែលអាចយកទៅប្រើប្រាស់តាមអំពើចិត្តនោះទេ។
លោកជំទាវក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយគោលការណ៍មនុស្សធម៌ ការការពារជនស៊ីវិល និងអ្នករងរបួសក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយមានការទទួលខុសត្រូវ។
សិក្ខាសាលានេះមានគោលបំណងពង្រឹងចំណេះដឹង និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការប្រើប្រាស់បដិរូបខុសច្បាប់ លើកកម្ពស់ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងផ្សព្វផ្សាយតម្លៃមនុស្សធម៌ទៅកាន់សាធារណជនឱ្យកាន់តែទូលំទូលាយ។


