ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចុះពិនិត្យការខូចខាតសាលាឆាន់នៅវត្តពោធិ៍ ដែលរងការឆាបឆេះដោយអគ្គិភ័យ
ខេត្តកំពង់ស្ពឺ៖ ក្រោយទទួលបានព័ត៌មានអំពីករណីអគ្គិភ័យឆាបឆេះសាលាឆាន់នៅវត្តពោធិ៍ នាព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាលាអនុគណស្រុកបរសេដ្ឋ បាននិមន្ត និងអញ្ជើញរួមដំណើរចុះពិនិត្យស្ថានភាព និងការខូចខាតសាលាឆាន់នៅវត្តពោធិ៍ ស្ថិតក្នុងភូមិពោធំ ឃុំពោធិអង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលត្រូវបានរាយការណ៍ថា បានរងការឆាបឆេះកាលពីវេលាម៉ោងប្រមាណ ៤ទៀបភ្លឺ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការសង្ស័យថាពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ។
ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បានពាំនាំនូវក្តីសោកស្តាយរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចំពោះហេតុការណ៍អគ្គិភ័យដែលបានបង្កការខូចខាតដល់សាលាឆាន់ និងសម្ភារៈសាសនាជាច្រើន។
ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ព្រះគ្រូចៅអធិការ អាចារ្យ និងគណៈកម្មការវត្ត ឱ្យបន្តសហការគ្នាក្នុងការដោះស្រាយផលប៉ះពាល់ ពិនិត្យលទ្ធភាពស្តារឡើងវិញនូវសាលាឆាន់ និងសម្ភារៈចាំបាច់ ព្រមទាំងពង្រឹងការប្រុងប្រយ័ត្ន និងវិធានការការពារសុវត្ថិភាពក្នុងទីអារាម ជាពិសេសការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យ។ ទន្ទឹមនឹងនេះ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវបញ្ជាក់ពីមូលហេតុនៃហេតុការណ៍ និងចាត់វិធានការតាមនីតិវិធីច្បាប់។
តាមការពិនិត្យជាបឋម ហេតុការណ៍នេះបានបង្កការខូចខាតដល់សម្ភារៈសាសនា និងប៉ះពាល់ដល់ទីកន្លែងប្រើប្រាស់រួមរបស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ រួមមាន ព្រះពុទ្ធរូបចំនួន ១២អង្គ កម្រាលគង់ចំនួន ១៤ កម្រាលព្រំចំនួន ១២ខ្សែ ធុងបាសធំ (ឧបករណ៍បំពងសំឡេង) ចំនួន ២ មេក្រូចំនួន ១ឈុត កង្ហារចំនួន ៦គ្រឿង ទៀនធំចំនួន ៣គូ និងឆព្វណ្ណរង្សីចំនួន ៤គ្រឿង ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងសាលាឆាន់ជាច្រើនទៀត។ ករណីនេះកំពុងត្រូវការការស្រាវជ្រាវ និងការបញ្ជាក់ពីសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីកំណត់មូលហេតុឱ្យបានច្បាស់លាស់ និងស្វែងរកអ្នកទទួលខុសត្រូវតាមច្បាប់។


