ឧត្តមសេនីយ៍ឯក លឹម តុងហួត : អាជ្ញាធរ និងប្រជាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ទទួលចំណេះដឹងពីបញ្ហាគ្រឿងញៀននិង App NoDrug ដើម្បីប្រឆាំងគ្រឿងញៀន។

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងក្រុមការងារស្រុកប្រាសាទបាគងដឹកនាំដោយ លោក នៅសំ រដ្ឋា បានជួបប្រជាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកដើម្បីបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀននិងជំរុញការប្រើប្រាស់ App NoDrug ដើម្បីពង្រឹងសុវត្ថិភាពសហគមន៍ពីបញ្ហាគ្រឿងញៀន។

លោក នៅសំ រដ្ឋា  បានជម្រាបជូនពីការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបានណែនាំដល់ប្រជាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកដើម្បីបន្តលើកកម្ពស់បាននូវជីវភាពរស់នៅ សុខភាព អនាម័យ បរិស្ថាន សន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ កោតសសើរ និងបញ្ហាគ្រឿងញៀនដែលអាចកើតមាននៅក្នុងសហគមន៍ និងសារៈសំខាន់នៃApp NoDrug និងបានសំណូមពរឱ្យជួយផ្សព្វផ្សាយនូវបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug ដល់សមាជិកប្រជាសហគមន៍ ក្រុមគ្រួសារ រួមគ្នាកសាងបាននូវសុវត្ថិភាពសហគមន៍ពីបញ្ហាផ្សេងៗក្នុងនោះមានបញ្ហាគ្រឿងញៀនជាចម្បង។  

លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក បានសម្ដែងនូវការសប្បាយរីករាយដោយទទួលបានព័ត៌មាន ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនពិសេសអត្ថប្រយោជន៍នៃ App NoDrug ហើយពួកគាត់នឹងផ្សព្វផ្សាយពីការយល់ដឹងនេះបន្តដើម្បីបន្តបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនកុំឱ្យរីករាលដាលនៅក្នុងសហគមន៍របស់ពួកគាត់។