ក្រសួងការងារ រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ជា សុខនី រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុង «កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងផ្សព្វផ្សាយការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន» នៅសាលប្រជុំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។
លោកជំទាវ ជា សុខនី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពរបស់កម្មករនិយោជិត ដោយផ្តោតលើការពិនិត្យមើលវឌ្ឍនភាពការងារកន្លងមក និងតម្រង់ទិសការងារឆ្លើយតបនឹងមេរោគអេដស៍ និងគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាព។ លោកជំទាវបានសង្កត់ធ្ងន់ថា «ការងារប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ គឺជាភារកិច្ចអាទិភាពដ៏សំខាន់ ដើម្បីធានាបាននូវសុខុមាលភាព បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងការកើនឡើងនៃផលិតភាពការងារ។» លោកជំទាវ ក៏បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តជួយជំរុញ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់គ្រប់គ្រឹះស្ថាន និយោជក កម្មករនិយោជិត និងសិស្ស-និស្សិត ព្រមទាំងបង្កើនកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដីបន្ថែមទៀត។
ជាមួយគ្នានេះ លោកជំទាវ ម៉ៅ ធីតា បានលើកឡើងពីលទ្ធផលការងារកន្លងមក ដោយគណៈកម្មាធិការបានខិតខំរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងចុះពិនិត្យតាមបណ្តារោងចក្រ សហគ្រាស និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រចាំ ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយហានិភ័យ។ លោកជំទាវ បានស្នើឱ្យមន្ទីរការងារខេត្ត បន្តពង្រឹងកិច្ចសហការ និងរៀបចំយុទ្ធនាការផ្សព្វផ្សាយបន្តបន្ទាប់ទៀត ដើម្បីលុបបំបាត់ការរើសអើងចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ និងរួមគ្នាទប់ស្កាត់គ្រឿងញៀននៅតាមទីកន្លែងធ្វើការ និងគ្រឹះស្ថានសិក្សាឱ្យបានកាន់តែល្អប្រសើរ។
លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា នៅក្នុងខេត្តមណ្ឌលគិរី មានសហគ្រាស និងគ្រឹះស្ថានសរុបចំនួន ២៣៦ ដោយមានកម្មករនិយោជិតសរុប ៤,៧៧៣នាក់ (ស្រី ១,៧០៤នាក់)។ លោក បន្ថែមថា មន្ទីរបានបង្កើតគណៈកម្មការអេដស៍ និងគ្រឿងញៀន ថ្នាក់មន្ទីរដែលមានសមាសភាព ១២នាក់ (ស្រី ៤នាក់) និងបានចុះធ្វើតេស្តពិនិត្យរកសារធាតុញៀនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងលោកគ្រូ-អ្នកគ្រូ សរុបចំនួន ២៨នាក់ (ស្រី ៩នាក់) ដោយទទួលបានលទ្ធផល «អវិជ្ជមាន» ទាំងអស់៕


