អាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ យ៉ាងអធិកអធម
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃព្រឹកទី២៧ ខែតុលា ឆ្នាំ២០២៦មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់ កីឡាប៊ូល និងប៉េតង់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត ប្រតិភូកីឡា កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ។ពិធីនេះបានរៀបចំឡើងនៅកីឡដ្ឋានខេត្ត ស្ថិតនៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។
ឯកឧត្តម គង់ គឹមនី បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត ព្រមទាំងប្រតិភូកីឡាទាំងអស់ ដែលបានគោរពបទបញ្ជាបច្ចេកទេស និងប្រកួតប្រជែងដោយស្មារតីសាមគ្គីភាព មិត្តភាព និងការអត់ឱនឱ្យគ្នា ជាពិសេសដើម្បីលើកកម្ពស់សុខភាព និងពង្រឹងគុណភាពវិស័យកីឡាក្នុងខេត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រកួតឆ្នាំនេះមានភាពពិសេសដោយបានបន្ថែមប្រភេទកីឡាប៊ូល និងប៉េតង់ ដែលជាការឆ្លើយតបទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាព ស្របតាមពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» និង «កីឡារស់ក្នុងសន្តិភាព»។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ពីសារៈសំខាន់នៃវិស័យកីឡាក្នុងការបណ្តុះបណ្តាលចរិតលក្ខណៈ វិន័យ សីលធម៌ និងការរួមចំណែកទប់ស្កាត់គ្រឿងញៀន ក៏ដូចជាក្មេងទំនើង ព្រមទាំងបានរំលេចពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចាត់ទុក «មនុស្ស» ជាគន្លឹះនៃការអភិវឌ្ឍជាតិ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
យោងតាមរបាយការណ៍របស់លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការប្រកួតឆ្នាំនេះមានប្រភេទកីឡាចំនួនពីរគឺ កីឡាបាល់ទាត់ (មាន ១៣ក្រុម ចូលរួម) និងកីឡាប៊ូល-ប៉េតង់ (មាន ៧ក្រុម ចូលរួម)។
ដោយឡែក លទ្ធផលជ័យលាភីរួមមាន កីឡាប៊ូល និងប៉េតង់ (វិញ្ញាសាបុរស ២នាក់ ទល់ ២នាក់) លេខ១ បានទៅលើក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី, លេខ២ ក្រុមបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ និងលេខ៣ ក្រុមរដ្ឋបាលក្រុងសែនមនោរម្យ។ កីឡាប៊ូល និងប៉េតង់ (វិញ្ញាសាចម្រុះ ៣នាក់ ទល់ ៣នាក់) លេខ១ បានទៅលើក្រុមរដ្ឋបាលក្រុងសែនមនោរម្យ, លេខ២ ក្រុមបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ និងលេខ៣ ក្រុមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី។
ចំែណកកីឡាបាល់ទាត់លេខ១ បានទៅលើក្រុមសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា, លេខ២ ក្រុមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងលេខ៣ ក្រុមចំការតែ FC៕


