ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពនិងស្ថិរភាពសង្គម ជាសមិទ្ធផលមិនអាចកាត់ថ្លៃបានដែលយើងត្រូវរួមគ្នាថែរក្សានិងការពារ
«សង្គ្រាមនិងភាពវឹកវរដែលបង្កអស្ថិរភាពនៅក្នុងតំបន់ជាច្រើន ហើយដែលកំពុងធ្វើឱ្យពិភពលោកមានភាពមិនច្បាស់លាស់គួរឱ្យព្រួយបារម្ភដូចសព្វថ្ងៃ បានធ្វើឱ្យមនុស្សជាតិនិងមេដឹកនាំពិភពលោក ផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាព និងស្ថិរភាពសង្គម។ នៅកម្ពុជា សន្តិភាពនិងស្ថិរភាពសង្គមដែលបានមកដោយលំបាក ត្រូវបានថែរក្សាយ៉ាងល្អក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ និងបានផ្តល់ផលប្រយោជន៍ធំធេងមិនធ្លាប់មានដល់ប្រទេសជាតិនិងប្រជាជនកម្ពុជា»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។
ឯកឧត្តម ប៉ែន បូណា បន្តថា ដើម្បីការពារសមិទ្ធផលដ៏ធំធេងនេះឱ្យបានគង់វង្សជារៀងរហូត ពួកយើងជាមន្ត្រីទទួលបន្ទុកព័ត៌មាននិងនាំពាក្យមានតួនាទីសំខាន់មិនអាចខ្វះបាន ពោលគឺតួនាទីបន្សាបរាល់ព័ត៌មានទាំងឡាយណាដែលមានចរិតញុះញង់ បំផ្លើសបំភ្លៃ ក្នុងគោលដៅបំផ្លាញសន្តិភាពនិងស្ថិរភាពសង្គមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន។ «ក្នុងករណីមានព័ត៌មានបែបនេះកើតឡើង ហើយបើយល់ឃើញថាចាំបាច់ ពួកយើងត្រូវតែស្រាយបំភ្លឺដើម្បីកុំឱ្យប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំ។ ទន្ទឹមនឹងប្រតិកម្មឆ្លើយតប ការងារមួយទៀតដែលយើងត្រូវធ្វើដំណាលគ្នាគឺ បុរេសកម្មពោលគឺ ការបន្តផ្សព្វផ្សាយអំពីតម្លៃសន្តិភាព និងស្ថិរភាពសង្គម និងសមិទ្ធផលទាំងឡាយដែលកើតចេញពីសន្តិភាព ពីព្រោះនេះជាស្នាដៃធំធេងមិនធ្លាប់មានរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា» នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល មានកត្តាសំខាន់ពីរដែលកម្ពុជាអាចថែរក្សាបានយ៉ាងល្អនូវសន្តិភាព និងស្ថិរភាពសង្គមរយៈពេលយូរគឺ ទី១៖ គឺកម្ពុជាមានថ្នាក់ដឹកនាំដែលយល់ច្បាស់អំពីប្រវត្តិសាស្ត្រអតីតកាល ហើយបានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពយ៉ាងលំបាកលំបិនបំផុត ហើយ ថែមទាំងបានឈរជាជន្ទល់យ៉ាងរឹងមាំក្នុងការការពារសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ទី២៖ គឺយើងមានប្រជាពលរដ្ឋដែលឆ្លាតវៃ និងមានការយល់ដឹងខ្ពស់ជាងក្រុមប្រឆាំងជ្រុលនិយមដែលព្យាយាមបំបែកបំបាក់សង្គមខ្មែរ និងបំផ្លាញសន្តិភាព។ ប្រជាពលរដ្ឋខ្មែរតែងផ្តល់តម្លៃខ្ពស់ដល់សុខសន្តិភាព និងឈរជាកម្លាំងយ៉ាងរឹងមាំពីក្រោយរាជរដ្ឋាភិបាល។ ជាលទ្ធផល ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនារបស់ពួកគេដែលព្យាយាមបំផ្លាញសន្តិភាព បំបែកបំបាក់សង្គមខ្មែរ និងតែងតែហុចដងដាវឱ្យសត្រូវឈ្លានពានទឹកដី កំពុងស្ថិតក្នុងស្ថានភាពឯកោយ៉ាងខ្លាំងដោយសារប្រជាពលរដ្ឋឈប់គាំទ្រ។
«ដូច្នេះ យើងទាំងអស់គ្នាត្រូវបន្តរួមចំណែកការពារសន្តិភាព និងការពារសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលតាមរយៈការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ បន្សាបព័ត៌មានភូតកុហក ឬព័ត៌មានដែលមានចរិតញុះញង់ និងបន្តវែកមុខក្រុមដែលចង់បំផ្លាញសន្តិភាព និងក្រុមដែលបម្រើបរទេសឈ្លានពានទឹកដី ដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់កាន់តែច្បាស់»។ នេះជាការសង្កត់ធ្ងន់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, តំណាងសាលាដំបូងខេត្ត, អភិបាលស្រុកក្រុង, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត សរុបចំនួនជាង ២០០នាក់៕


