ពិធីបើកវគ្គបណ្តុះបណ្តាលរំលឹក ស្តីពី “ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ” ដល់មន្ត្រីរដ្ឋបាលឃុំ-សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ ពន្ធនាគារ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្នុងខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី និងលោក យឺន ហុងឆាត ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹក ស្តីពី “ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ” ដល់មន្ត្រីរដ្ឋបាលឃុំ-សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ ពន្ធនាគារ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្នុងខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ងិន វ៉ាន់ថេន ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តមណ្ឌលគិរី ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបផងដែរ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

លោកស្រី កែវ សាវឿន អភិបាលរងខេត្ត បានមានប្រសាសន៍ថា គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមគាំទ្រ និងអនុវត្ត “កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ” ឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកស្រីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជំនួយសង្គមនេះ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដោយផ្តោតលើក្រុមគ្រួសារងាយរងគ្រោះ និងអ្នកមានប័ណ្ណសមធម៌។

លោកស្រីអភិបាលរងខេត្តបានបញ្ជាក់បន្ថែមថា ការអនុវត្តកម្មវិធីនេះឱ្យទទួលបានជោគជ័យ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំមូលដ្ឋាន ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាថាកម្មវិធីនេះផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ។ លោកស្រីក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បង្កើនការយល់ដឹងអំពីនីតិវិធី និងលក្ខខណ្ឌនៃការទទួលផល ដើម្បីធានាថាគ្រួសារងាយរងគ្រោះ និងអ្នកមានប័ណ្ណសមធម៌ទទួលបានការឧបត្ថម្ភគ្រប់ៗគ្នា និងទាន់ពេលវេលា។ លោកស្រីបានសង្កត់ធ្ងន់ថា ការផ្តល់សេវានេះត្រូវធ្វើឡើងដោយតម្លាភាព គណនេយ្យភាព និងសមធម៌ ដើម្បីរក្សាទំនុកចិត្តពីប្រជាពលរដ្ឋ និងធានាថាគ្មានគ្រួសារណាមួយត្រូវបានបោះបង់ចោលឡើយ។

លោកស្រី ងិន វ៉ាន់ថេន ប្រធានសាខា ម.ជ.ច. បានឱ្យដឹងថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាកម្មវិធីថ្មីមួយដែលរាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីរក្សាលំនឹងជីវភាពដល់គ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌ និងគ្រួសារងាយរងគ្រោះ។ បច្ចុប្បន្ន មានគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌ចំនួន ៥.៧៥៦ គ្រួសារ បានចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដោយមានអ្នកទទួលបានមាន ស្ត្រីមានផ្ទៃពោះចំនួន ៦០ នាក់ កុមារអាយុក្រោម ២ ឆ្នាំចំនួន ១២ នាក់ ជនចាស់ជរាចំនួន ១.៧៩៩ នាក់ ជនមានពិការភាពចំនួន ២២៧ នាក់ អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ចំនួន ៣ នាក់

សិស្សានុសិស្សចំនួន ២.៩៤០ នាក់ (បឋមសិក្សា ២.៤៥១ នាក់, អនុវិទ្យាល័យ ៣៧៣ នាក់, វិទ្យាល័យ ១១៦ នាក់) សរុបទាំងអស់ ត្រូវចំណាយថវិកាឧបត្ថម្ភប្រចាំខែចំនួន ២៥៨.២៧៦.០០០ រៀល។