ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំលេខាធិការVECONAC នៅក្របខណ្ឌអាស៊ាន

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានប្តូរវេន VECONAC ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើខ្លឹមសារលទ្ធផលការងារនៃដំណើរការរៀបចំលេខាធិការVECONAC នៅអគ្គលេខាធិការដ្ឋានអាស៊ាន។

ជាកិច្ចចាប់ផ្តើម លោក សេង សំបាន អនុប្រធានក្រុមការងារធុរកិច្ច នៃលេខាធិការដ្ឋាន VECONAC ដែលបានដឹកនាំក្រុមការងារសមាគមទៅជួបប្រជុំជាមួយក្រុមការងារនៃអគ្គលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីៗនេះ បានធ្វើរបាយការណ៍សង្ខេបនូវលទ្ធផលការងារជូនឯកឧត្តម គន់ គីម ពិនិត្យ និងផ្តល់មតិយោបល់។ 

នាឱកាសនោះ ឯកឧត្តម គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការជួបពិភាក្សាជាមួយមន្រ្តីបច្ចេកទេស លេខាធិការដ្ឋានអាស៊ាន ដើម្បីមានមូលដ្ឋានច្បាស់លាស់ និងទទួលបានការផ្តល់ជាយោបល់សម្រាប់ដំណើរការស្នើរៀបចំលេខាធិការអចិន្រ្តៃយ៍VECONAC ប្រចាំនៅអគ្គលេខាធិការដ្ឋានអាស៊ាន។ 

ឯកឧត្តម គន់ គីម គូសបញ្ជាក់ថា កិច្ចការនេះពិតជាមានសារៈសំខាន់ និងជាកិត្តិយសសម្រាប់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន VECONAC ២០២៦ ដែលសមាជិកទាំងអស់បានឯកភាពលើសំណើពិនិត្យលទ្ធភាពរៀបចំលេខាធិការអចិន្រ្តៃយ៍VECONAC ប្រចាំនៅអគ្គលេខាធិការដ្ឋានអាស៊ាន។ 

ដើម្បីពន្លឿននូវកិច្ចការនេះ ឯកឧត្តម គន់ គីម បានណែនាំដល់ក្រុមការងារត្រូវពិនិត្យឱ្យបានម៉ត់ចត់អំពីធម្មនុញ្ញVECONAC ដោយព្យាយាមសម្របសម្រួលជាមួយបណ្តាប្រទេសជាសមាជិកផ្សេងទៀត ធ្វើយ៉ាងណាឱ្យសំណើមានភាពត្រឹមត្រូវ និងស្របតាមនីតិវិធី និងការកំណត់របស់អាស៊ានផងដែរ។

គួររំលឹកថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន VECONAC ២០២៦ រួមជាមួយសមាជិកVECONACទាំងអស់ អំឡុងចូលរួមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន បានឯកភាពរួមគ្នាលើកជាសំណើទៅលេខាធិការអាស៊ាន ដើម្បីបង្កើតលេខាធិការអចិន្រ្តៃយ៍VECONAC ប្រចាំនៅលេខាធិការដ្ឋានអាស៊ាន ក្នុងគោលបំណងរៀបចំឱ្យមានក្រុមការងារទទួលខុសត្រូវតាមដាន និងជំរុញលើផែនការយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ និងសកម្មភាពប្រចាំឆ្នាំរបស់សមាជិកទាំងអស់នៃVECONAC ឱ្យកាន់តែមានប្រសិទ្ធខ្ពស់ទៅដល់ការលើកកម្ពស់ជីវភាព និងសុខុមាលភាពអតីតយុទ្ធជន និងក្រុមគ្រួសារដែលរងគ្រោះដោយសង្គ្រាម៕