ស្មារតីកីឡាលើកស្ទួយទេសចរណ៍ តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍លើកទី២ នារដូវកាលបៃតង( Green Season )
ខេត្តព្រះសីហនុ៖ ពិធីបិទព្រឹត្តិការណ៍កីឡាទេសចរណ៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព គឺកីឡាដើម្បីទេសចរណ៍» ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
កម្មវិធីនេះ មានការចូលរួមពីកីឡាករ កីឡាការិនី ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា លទ្ធផលដែលទទួលបានពីព្រឹត្តិការណ៍នេះ គឺជាការសាកសមបំផុតសម្រាប់កីឡាករ កីឡាការិនី ដែលត្រូវបានរៀបចំឡើងយ៉ាងស្ដង់ដារសមស្រប និងលក្ខខណ្ឌដ៏ល្អដោយគណៈកម្មការរៀបចំប្រកួត។ កីឡាករ កីឡាការិនី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺជាចំណែកយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជានៅខេត្តព្រះសីហនុ ឱ្យឆ្ពោះទៅកាន់ឆាកអន្តរជាតិ។
ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ គឺជាលើកទី២ហើយ ដែលរដ្ឋបាលក្រុងកោះរ៉ុងបានសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរទេសចរណ៍ខេត្ត ដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើងនារដូវកាលបៃតង (Green Season) ព្រមទាំងមានការចូលរួមសហការពីតំណាងវិស័យឯកជន សមាគមទេសចរណ៍ក្រុងព្រះសីហនុ និងសហគមន៍ព្រែកកោងកាងផងដែរ។
ការរៀបចំព្រឹត្តិការណ៍នេះ គឺប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃគឺ ថ្ងៃទី២៥ ខតុលា ឆ្នាំ២០២៦ ដោយមានកីឡាដូចជា ប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់ នៅឆ្នេរកោះរ៉ុង ប្រកួតកីឡាអុំទូកកៃយ៉ាក់នៅសហគមន៍ព្រែកកោងកាង ក្បួនដង្ហែម៉ូតូកង់បី កីឡារត់ប្រណាំងឆ្លងឧបសគ្គ ចម្ងាយ ២.០៣ គីឡូម៉ែត្រ នៅឆ្នេរកោះរ៉ុង និងការរត់កម្សាន្តតាមភ្លេងឦ
ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយលើកកម្ពស់សុខភាព និងស្មារតីមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏មានឥទ្ធិពលក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តខេត្តព្រះសីហនុឱ្យកាន់តែផុសផុលថែមទៀតក្នុងរដូវកាលនេះ។
អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ
រូបភាព៖ ពពក/អមត


