អភិបាលខេត្តកំពតបន្តចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីដោយផ្ទាល់ជាង ៣ពាន់ក្បាលដីជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៣ ក្នុងស្រុកកំពង់ត្រាច
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចែកប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ ដែលមានភូមិកំពង់ត្រាចទី១ ស្ថិតក្នុងឃុំកំពង់ត្រាចខាងកើត), ភូមិអូរស្លែង ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងជើង និង ភូមិអង្គរជ័យទី២ ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្ត ឧទុម្ពរ កំពង់ត្រាច។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងពីគោលនយោបាយ និងការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតែងតែគិតគូរជាប្រចាំរឿងសុខទុក្ខ និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរដល់មន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានសហការគ្នាបានល្អក្នុងការបំពេញតួនាទីភារកិច្ច ក្នុងការចុះវាស់វែង ចុះបញ្ជី រហូតឈានដល់ចេញបណ្ណកម្មសិទ្ធិដល់ដៃពលរដ្ឋយ៉ាងឆាប់រហ័ស តាមគោលការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានបន្តថា ការផ្តល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋនាពេលនេះ គឺជាការគិតគូរខ្ពស់បំផុតពីសំណាក់ប្រមុខដឹកនាំ ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន បន្តរហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តន៍តាមគោលនយោបាយចាស់ សកម្មភាពថ្មីក្នុងវិស័យដីធ្លី ដើម្បីផ្តល់អត្ថប្រយោជន៍ជូនពលរដ្ឋនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋនេះទៀតសោត ក៏នឹងជួយកាត់បន្ថយវិវាទដីធ្លី ហើយក៏នឹងឈានទៅបញ្ចប់រាល់វិវាទដីធ្លីផងដែរ ដោយសារម្នាក់ៗគឺមានបណ្ណកម្មសិទ្ធិបញ្ជាក់ពីការកាន់កាប់ដីធ្លីរបស់ខ្លួនដោយស្របច្បាប់។
បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រៀបចំគំរូផ្ទះខ្មែរបិទបង្ហាញនៅសាលាស្រុក ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលគ្រោងនឹងសាងសង់លំនៅឋាន អោយសាងសង់តាមបែបបទស្ថាបត្យកម្មរចនាបថខ្មែរឱ្យបានច្រើន ជៀសវាងការយកម៉ូដផ្ទះបរទេសមកលាយឡំគ្នាខុសទម្រង់ដើម និងដើម្បីរួមចំណែកថែរក្សាអត្តសញ្ញាណជាតិយើងផងដែរ។
យោងតាមរបាយការណ៍របស់ លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា នៅក្នុងពិធីនេះ មានការប្រកាសចែកប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋមកពីភូមិទាំង៣ ខាងលើ ដែលមានក្បាលដីសរុបចំនួន ៣ ៣៦៣ក្បាលដី ស្មើនឹង ២ ៣៥៨គ្រួសារ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត


