មេដឹកនាំដ៏មានអំណាចរបស់ស៊ែប៊ីរយៈពេល១៤ឆ្នាំ និងធ្លាប់ទទួលបានការគាំទ្រពីមេដឹកនាំរុស្ស៊ី លោក Vucic បានចេញមកទទួលស្គាល់ភាពបរាជ័យរបស់ខ្លួន

លោក អាឡិចសាន់ដារ វូស៊ីក (Aleksandar Vucic) មេដឹកនាំដ៏មានអំណាច និង ធ្លាប់បានកាន់អំណាចរយៈពេលយូរឆ្នាំ នៅក្នុងប្រទេសស៊ែប៊ី បានចេញមកទទួលស្គាល់ភាពបរាជ័យរបស់លោកពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះហើយ បន្ទាប់ពីការបោះឆ្នោតមួយដែលលោក និងគណបក្សស្តាំនិយមរបស់លោក បានប្រកួតប្រជែងជាមួយចលនាប្រឆាំងចម្រុះមួយដែលដឹកនាំដោយនិស្សិត ដែលបានធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកអស់រយៈពេល២ឆ្នាំ។ នេះគឺជាការផ្លាស់ប្តូរនយោបាយដ៏ធំមួយនៅក្នុងប្រទេសក្នុងតំបន់បាល់កង់ដែលលោក Vucic គឺជាបុគ្គលដែលធ្លាប់ទទួលបានការគាំទ្រពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងធ្លាប់បានចោទប្រកាន់ចលនានិស្សិតទាំងនោះថាជាការប៉ុនប៉ងដឹកនាំដោយបរទេសដើម្បីទម្លាក់រូបលោកចេញពីអំណាចក្រោយដឹកនាំប្រទេសអស់រយៈពេល១៤ ឆ្នាំ។ ការបោះឆ្នោតសភាដ៏តានតឹងកាលពីថ្ងៃអាទិត្យនៅក្នុងប្រទេសស៊ែប៊ី គឺមានអត្រាអ្នកចេញទៅបោះឆ្នោតខ្ពស់ និងមានភាពតានតឹងខ្លាំង ដោយវាគឺជាការប្រឈមមុខដាក់គ្នារវាងមេដឹកនាំដ៏មានអំណាច លោក Aleksandar Vucic និងចលនាចម្រុះមួយដែលដឹកនាំដោយនិស្សិតសាកលវិទ្យាល័យ ដែលបានធ្វើការតវ៉ាប្រឆាំងនឹងរូបលោកអស់រយៈពេលជិត ២ឆ្នាំមកហើយ។ ការបោះឆ្នោតបានបញ្ចប់នៅល្ងាចថ្ងៃអាទិត្យ ខណៈដែលភាពតានតឹងបានកើនឡើងជាលំដាប់ក្នុងអំឡុងពេលថ្ងៃបោះឆ្នោត។ ប៉ូលិសដែលបំពាក់ឧបករណ៍បង្ក្រាបកុបកម្មបានហ៊ុមព័ទ្ធតំបន់មួយនៅកណ្តាលទីក្រុងបែលក្រាដ (Belgrade) បានផ្ទុះឡើងជុំវិញទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍អំពីហេតុការណ៍ហិង្សាមួយចំនួននៅទូទាំងប្រទេស ហើយគេអាចឃើញនូវរថយន្តប៉ូលិសជាពិសេសនៅជិតឧទ្យានមួយក្នុងទីក្រុងបែលក្រាដ ជាកន្លែងដែលក្រុមអ្នកគាំទ្រដែលស្មោះត្រង់នឹងលោក Vucic បានបោះជំរុំស្នាក់នៅអស់រយៈពេលជាងមួយឆ្នាំមកហើយក៏ត្រូវបំផ្លាញដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ