ក្រុមអ្នកតវ៉ាសម្រុកចូលក្នុងទីលាន Colosseum ដ៏ល្បីល្បាញរបស់ពិភពលោកស្ថិតនៅទីក្រុងរ៉ូមដើម្បីប្រឆាំងនឹងសង្គ្រាមអូសបន្លាយនៅតំបន់ GAZA
ក្រុមនិស្សិត និងយុវជនជាអ្នកតវ៉ារាប់រយនាក់បានសម្រុកចូលទៅក្នុងទីលាន Colosseum ក្នុងទីក្រុងរ៉ូម រយៈពេលប៉ុន្មាននាទី ដើម្បីតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា (Gaza) និងប្រឆាំងនឹងរដ្ឋាភិបាលអ៊ីតាលី ដែលដឹកនាំដោយលោកស្រី Giorgia Meloni។ ក្រុមអ្នកតវ៉ាបានស្រែកជាភាសាបារាំងថា “Tout le monde déteste la police” (ដែលមានន័យថា៖ មនុស្សគ្រប់គ្នាស្អប់ប៉ូលិសខ្លាំងណាស់) ព្រមទាំងបានគ្រវីទង់ជាតិប៉ាឡេស្ទីនផងដែរ។ ទោះបីជាការតវ៉ានេះមិនបានអូសបន្លាយរយៈពេលពេលយូរក៏ដោយ ក៏ប៉ុន្តែរូបភាពបាតុកម្ម វាបានប្រែក្លាយទីតាំងប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកនេះ ស្ថិតនៅប្រទេសអ៊ីតាលី ឱ្យក្លាយទៅជាកន្លែងសម្រាប់ការតវ៉ារបស់យុវជនទៅវិញ។ នៅថ្ងៃសៅរ៍ដដែលនោះដែរ យុវជនរាប់ពាន់នាក់បានដើរក្បួននៅក្នុងទីក្រុងនានារបស់អ៊ីតាលី មានដូចជាទីក្រុងមីឡាន (Milan) ទីក្រុងរ៉ូម និងទីក្រុងទូរីន (Turin)។ អាជ្ញាធរបានដាក់ពង្រាយកងកម្លាំងនៅក្នុងទីក្រុងមីឡាន ដែលជាកន្លែងធ្លាប់មានការតវ៉ាពីមុនៗ និងធ្លាប់បានប្រែក្លាយទៅជាអំពើហិង្សាថែមទៀតផង ប៉ុន្តែការតវ៉ានៅលើកនេះនៅតែរក្សាបាននូវសន្តិវិធីដដែល៕
សម្រួលអត្ថបទ៖ សុផារិន្ទ


