អភិបាលខេត្តតាកែវ៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកដំណើរការការដ្ឋានសាងសង់ទាំង១១ទីតាំងព្រមៗគ្នាក្នុងខែវិច្ឆិកាខាងមុខ
តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកដំណើរការការដ្ឋានសាងសង់នៅក្នុងខែវិច្ឆិកា ខាងមុខនេះចំនួន ១១ ទីតាំងព្រមៗគ្នា ដែលជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងជាជំហានប្រវត្តិសាស្ត្រក្នុងការកែប្រែមុខមាត់វិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ ខណៈរដ្ឋបាលខេត្តកំពុងដោះស្រាយបញ្ហាផលប៉ះពាល់ពីគម្រោងនេះផងដែរ។
ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងកម្មវិធី «ក្តីសុបិនហ្វូណន» វេទិកាបាឋកថាអន្តរជាតិ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តតាកែវ សហការជាមួយក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ (CRBC) នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នាសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដើម្បីបង្ហាញដល់មហាជន និងសិស្សានុសិស្សពីអត្ថប្រយោជន៍សេដ្ឋកិច្ចនៃគម្រោងនេះ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា នៅពេលគម្រោងប្រវត្តិសាស្ត្រនេះសាងសង់រួចរាល់ នឹងជួយលើកកម្ពស់ការតភ្ជាប់ ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កាត់បន្ថយចម្ងាយនិងថ្លៃដើមដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ឯករាជ្យភាព ក៏ដូចជាតភ្ជាប់ផ្ទាល់ពីបណ្តាញទន្លេមេគង្គទៅកាន់សមុទ្រដោយសុវត្ថិភាព។
តាមការសិក្សាបានធ្វើឡើងលើតម្រាយផ្លូវទឹកប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃ ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
ផ្លូវទឹកនេះមានទទឹងមុខកាត់ ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រវែង ៨០ម៉ែត្រ និងជម្រៅទឹក ៥,៤ម៉ែត្រ (នាវា មានជម្រៅទឹក ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) ចែកជា ២គន្លង សម្រាប់នាវាចូល និងចេញ ចៀសគ្នាបានដោយសុវត្ថិភាព។ ជម្រៅទឹក ៥,៤ម៉ែត្រនេះ គឺ ជាកម្រិតនៃជម្រៅទឹកដែលស្ថិតនៅក្រោមនីវ៉ូ នៃកម្រិតកម្ពស់ទឹកដែលទាបបំផុតក្នុង រយៈពេល ៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២៤ នៃតំបន់ទន្លេ និងសមុទ្រ។
ដូចនេះហើយ ដើម្បីធានាឱ្យបាននូវជម្រៅទឹកយ៉ាងទាបបំផុត ៥,៤ម៉ែត្រ ទាំងក្នុងរដូវប្រាំង និងរដូវវស្សាទាមទារឱ្យយើងធ្វើការជីកពីផ្ទៃដីខាងលើ ដោយនៅតំបន់ខ្លះ ២០ម៉ែត្រ ឬរហូតទៅដល់ ៣០ម៉ែត្រ ទើបអាចសម្រេចបាននូវជម្រៅទឹក ៥,៤ម៉ែត្រនេះ ជាកម្រិតជម្រៅទឹកអប្បបរមា រីឯរដូវវស្សាជម្រៅទឹកអាចឡើងរហូតដល់ជាង១០ ឬ១៥ម៉ែត្រ។
ប្រភេទនាវាប្រើប្រាស់ស្តង់ដារគណៈកម្មការទន្លេមេគង្គ-MRC មាន ទម្ងន់ផ្ទុក ១ ០០០តោន និងប្រភេទនាវាប្រើប្រាស់ស្តង់ដារប្រទេសចិនមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០តោន អាចអនុញ្ញាតឱ្យធ្វើប្រតិបត្តិការគ្រប់ពេលវេលា។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ៕


