រថយន្តប៉ូលីសដែលដាក់ពង្រាយដើម្បីទប់ស្កាត់បាតុករជានិស្សិតនៅទីក្រុង Belgrade ត្រូវដុតបំផ្លាញ! ក្រោយពីលោក Vucic ចាញ់ការបោះឆ្នោត និងធ្លាប់បានកាន់អំណាច១៤ឆ្នាំ
ក្បួនរថយន្តប៉ូលិសជាច្រើនត្រូវបានវាយប្រហារដោយក្រុមអ្នកតវ៉ាដែលមានភាពខឹងសម្បារ នៅខាងក្រៅអគារការិយាល័យប្រធានាធិបតីក្នុងទីក្រុង Belgrade នៃប្រទេសស៊ែប៊ី។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោក Aleksandar Vucic បានទទួលស្គាល់បរាជ័យរបស់ខ្លួននៅក្នុងការបោះឆ្នោតមួយ ដែលជាការប្រកួតប្រជែងរវាងរូបលោក និងគណបក្សស្តាំនិយមរបស់លោក ប្រឆាំងនឹងចលនាប្រឆាំងចម្រុះមួយដែលដឹកនាំដោយក្រុមនិស្សិត ដែលបានធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកអស់រយៈពេល២ឆ្នាំមកហើយ។ ប៉ូលិសបានដាក់ពង្រាយដើម្បីការពារស្ថាប័នរដ្ឋ ប៉ុន្តែនៅពេលដែលពួកគេដកខ្លួនចេញ ក្បួនរថយន្តនោះក៏ត្រូវបានវាយប្រហារដោយហ្វូងមនុស្សដែលកំពុងមានភាពខឹងសម្បារដែរ។ តង់ដែលប្រើប្រាស់ដោយក្រុមអ្នកគាំទ្ររបស់លោក Vucic ក៏ត្រូវបានគេដុតបំផ្លាញ។ នេះគឺជាការផ្លាស់ប្តូរនយោបាយដ៏ធំមួយនៅក្នុងប្រទេសនៅតំបន់បាល់កង់នេះ ដែលលោក Vucic បានកាន់អំណាចអស់រយៈពេល១៤ ឆ្នាំ។ លោក Vucic ធ្លាប់ទទួលបានការគាំទ្រពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយលោកក៏បានថ្កោលទោសចលនានិស្សិតនេះថាជាការប៉ុនប៉ងដែលដឹកនាំដោយបរទេស ដើម្បីទម្លាក់រូបលោកចេញពីអំណាច។ ការបោះឆ្នោតសភាដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លានេះ មានអត្រាអ្នកចេញទៅបោះឆ្នោតខ្ពស់ និងមានភាពតានតឹងកើនឡើងជាងសព្វមួយដង។ ការបោះឆ្នោតនេះគឺជាការប្រឈមមុខដាក់គ្នាដ៏សំខាន់មួយ រវាងលោក Vucic ជាមួយគណបក្សស្តាំនិយមដែលមានឈ្មោះថា Serbian Progressive Party របស់លោកម្ខាងហើយ និងម្ខាងទៀតមានក្រុមនិស្សិតសាកលវិទ្យាល័យ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


