អត្តពលិកជិត ៤ពាន់នាក់មកពី ៣៧ប្រទេស ចូលរួមព្រឹត្តិការណ៍ រត់កម្សាន្ដ AIA Pink Run លើកទី៤ ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់នៅកម្ពុជា
អត្តពលិកជាតិ-អន្ដរជាតិជិត ៤ពាន់នាក់ មកពី៣៧ប្រទេស បានចូលរួមព្រឹត្តិការណ៍ រត់កម្សាន្ដ AIA Pink Run លើកទី៤ នៅមុខសួនច្បារវត្តបទុមវតី ដើម្បីជំរុញយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត” ក៏ដូចជាលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់នៅកម្ពុជា។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា(NOCC) បានថ្លែងមុន បញ្ជាចេញដំណើរថា សម្រាប់ព្រឹត្តិការណ៍រត់កម្សាន្នខាងលើ ទទួលបានអ្នកចូលរួមសរុបចំនួន ៣,៦១៥នាក់ រួមមានអត្តពលិកខ្មែរចំនួន ៣,២១០នាក់ និងអន្តរជាតិ ចំនួន ៤០៥នាក់ មកពី ៣៦ប្រទេស ហើយប្រទេសចូលរួមច្រើនជាងគេ គឺមានហ្វីលីពីន, សហរដ្ឋអាមេរិក, ព្រីតថេន, ជប៉ុន និងអូស្ត្រាលី។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការពី សាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដែលបានសហការ និងរួមគ្នារៀបចំព្រឹត្តិការណ៍ រត់កម្សាន្ដ ប្រចាំឆ្នាំនេះឡើង ប្រកបដោយភាពរលូន សំដៅរួមចំណែកគាំទ្រដល់យុទ្ធនាការជាតិ «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត» ដើម្បីបង្កើនសុខុមាលភាព និងទម្លាប់រស់នៅប្រកបដោយសុខភាពល្អ តាមរយៈការធ្វើលំហាត់ប្រាណជាប្រចាំ។
អ្វីពិសេស គឺការផ្សារភ្ជាប់ចលនាដើម្បីសុខភាព ក្នុងការបំផុសស្មារតីដល់សាធារណជន ជាពិសេសស្ត្រីឲ្យងាកមកចាប់អារម្មណ៍ ពិភាក្សា និងយល់ដឹងពីសារៈសំខាន់នៃការពិនិត្យ និងទប់ស្កាត់ជំងឺមហារីកសុដន់ឲ្យបានទាន់ពេលវេលា ដែលជាការរួមចំណែកផ្សព្វផ្សាយ និងអប់រំជាសាធារណៈអំពីការបង្ការ និងការយល់ដឹងអំពីជំងឺមហារីកសុដន់ចំពោះស្ដ្រី ព្រមទាំងការចូលរួមក្នុងការងារមនុស្សធម៌ផងដែរ។ ចំពោះវិញ្ញាសារត់ រួមមានរត់ចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រ៕


