ខេត្តក្រចេះ ៖ តាមការឲ្យដឹងពីមន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ថិតិភ្ញៀវទេសចរ ជាតិ-អន្តជាតិសរុបរួមមានចំនួន៥៣០.៨៤៥នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៥១៨.៥១១នាក់ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ចំនួន ៤៧៣.៤៧៤នាក់ កើនចំនួន ៤៥.០៣៧នាក់ស្មើនឹង ៩,៥១%។ ភ្ញៀវទេសចរបរទេស ចំនួន ១២.៣៣៤នាក់ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ចំនួន ១៥.០០៧នាក់ ថយចំនួន ២.៦៧៣នាក់ ស្មើនឹង -១៧,៨១%។ ហើយភ្ញៀវដែលមកលេង និងស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់សរុបចំនួន ៣៧.២៩៣នាក់ និងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត សរុបចំនួន ៤៩៣.៥៥២នាក់។
មន្ទីរទេសចរណ៍ខេត្ត បន្តថា រមណីយដ្ឋានអន្លង់ផ្សោតកាំពី គឺជារមណីយដ្ឋានដ៏មានសក្តានុពល និងទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញក្នុងខេត្តក្រចេះ ទាំងរដូវប្រាំង និងរដូវវស្សា ដែលមានភ្ញៀវទេសចរមកទស្សនាសត្វផ្សោត ដែលជារតនសម្បត្តិជាតិមានជីវិតដ៏កម្រ និងមានតម្លៃមហាសាល។ ជាក់ស្ដែងនៅក្នុងខែកញ្ញា ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរសរុបចំនួន ៥៧៣នាក់ ក្នុងនោះ ភ្ញៀវទេសចរជិះទូក ទស្សនាសត្វផ្សោត ចំនួន ៥១៤នាក់ និងភ្ញៀវអន្តរជាតិអុំកៃយាក់ ៥៩នាក់។
អាជ្ញាធរខេត្តក្រចេះ តែងតែចុះផ្សព្វផ្សាយណែនាំនៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍គោលដៅ និងបានផ្សព្វផ្សាយអំពីតំបន់សក្តានុពលទេសចរណ៍នារដូវកាលបៃតង ព្រមទាំងបន្តចុះអប់រំណែនាំដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្ត ឲ្យយកចិត្តទុកដាក់អំពីអនាម័យបរិស្ថាន បដិសណ្ឋារកិច្ច គុណភាព សេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងតម្លៃសមរម្យ ដើម្បីចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ “កម្ពុជា ! ព្រះរាជាណាចក្រអច្ឆរិយៈ” និងចលនាប្រឡងប្រណាំង “ទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អបដិសណ្ឋារកិច្ចល្អ”។
ខេត្តក្រចេះ មានរមណីយដ្ឋានទេសចរណ៍សរុបចំនួន ២២កន្លែង ក្នុងនោះរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រចំនួន ០៥កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន ០១កន្លែងរមណីយដ្ឋានប្រវត្តិសាស្រ្តចំនួន ០២កន្លែង រមណីយដ្ឋានធម្មជាតិចំនួន ០៤កន្លែង (ក្នុងនោះរដ្ឋចំនួន០៣កន្លែង និងឯកជនចំនួន ០១កន្លែង) សហគមន៍មានចំនួន ០៧កន្លែង (ក្នុងនោះសហគមន៍អេកូទេសចរណ៍ចំនួន ០៥កន្លែង និងសហគមន៍ទេសចរណ៍ធម្មជាតិចំនួន ០២កន្លែង) និងរមណីយដ្ឋានកែច្នៃចំនួន ០៣កន្លែង ជារបស់ឯកជន៕


