ឯកឧត្តម ឈិន កេតនា បាននាំយកអំណោយនិងថវិកាអន្តរក្រសួងចែកជូនគ្រូពេទ្យនិងអ្នកជំងឺជាង១០០នាក់ នៅមន្ទីរពេទ្យបង្អែក សម្តេចឪសម្តេចម៉ែ ដើម្បីអបអរសាទរព្រះរាជ ពិធីខួបលើកទី២២ នៃការគ្រងរាជសម្បត្តិរបស់ ព្រះមហាក្សត្រ
នៅក្នុងទិវាប្រកបដោយសិរីមង្គល នៃព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរួមទាំងថវិកាមួយចំនួនរបស់អន្តរក្រសួងជូនដល់ក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុង សម្រាកព្យាបាលជាង១០០នាក់ នៅមន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍សង្ខេបអំពីលទ្ធផលនៃកិច្ចការងាររបស់ លោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ត ប្រធានមន្ទីពេទ្យសម្តេចឪ សម្តេចម៉ែ ជាពិសេសការព្យាបាលជំងឺជូនប្រជាពលរដ្ឋទទួលបាននូវ លទ្ធផលគួរជាទីមោទនៈបំផុតសម្រាប់មន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែរួចមក ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្នុងទម្រង់ជាមហោឡារិក។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ឆ្នាំនេះព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិរបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ព្រះគោរមងារ “ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិ សាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ ឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី ហើយសម្រេចយក ថ្ងៃទី២៩ ខែតុលា ជារៀងរាល់ឆ្នាំ ជាទិវាប្រវត្តិសាស្ត្រនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។
ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំមន្ត្រី រាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេសតែងតែរៀបចំ ព្រះរាជពិធីបុណ្យគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្របតាមព្រះរាជប្បវេណីពីបុរាណដ៏ថ្កើនថ្កាន និងដើម្បីសម្តែងនូវកតញ្ញូតាធម៌ តបស្នងព្រះមហាករុណាទិគុណដ៏ធំធេង ដែលព្រះអង្គបានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រជាកូនចៅ ចៅទូតរបស់ព្រះអង្គ ពិសេសលើវិស័យមនុស្សធម៌ អប់រំ សង្គមកិច្ច សុខុមាលភាពទូទៅ និងចូលរួម អបអរសាទរថ្វាយព្រះរាជសព្ទសាធុ ការពរបវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដឹកនាំប្រទេសជាតិឲ្យមានការប្រែប្រួលអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ បុគ្គលិក កម្មករ និង ប្រជាជនទូទាំងប្រទេសប្រកបដោយសេចក្តីសុខក្សេមក្សាន្តរហូតមកដល់នាយករដ្ឋមន្ត្រីបន្តវេន អាណត្តិទី៧ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបន្តបោះជំហានយ៉ាងស្វាហាប់ និងមោះមុត ក្នុងការស្វះស្វែងរកសន្តិភាព ជាពិសេសការស្វែងរកសន្តិភាពបែបការទូតនៅតំបន់ព្រំដែនកម្ពុជាថៃដើម្បីប្រែក្លាយតំបន់ព្រំដែនដែលមានជម្លោះប្រដាប់អាវុធមកជាតំបន់ ដែលមានសន្តិភាពតាមរយៈកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ ដែលបានចុះហត្ថលេខានៅទីក្រុងកូឡាំពួរ ប្រទេសម៉ាឡេស៊ី និងដំណោះស្រាយបែបការទូតជាច្រើនទៀត ជៀសវាងការប្រើប្រាស់ កម្លាំងប្រដាប់អាវុធដែលទាំងនេះជាជំហររបស់ភាគីកម្ពុជា។
បន្ទាប់អំពីកម្មវិធីសំណេះសំណាងសាកសួរសុខទុក្ខ រួចមក ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានចែកជូននូវអំណោយរួមទាំងថវិកាមួយចំនួនរបស់អន្តរក្រសួង ជូនដល់ក្រុមគ្រូពេទ្យ និងអ្នកជម្ងឺ ដែលកំពុងសម្រាកព្យាបាល និងស្ត្រីដែលទើបសម្រាលកូនរួច នៅមន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ សរុបទាំងអស់ជាង១០០ នាក់ ។ សូមបញ្ជាក់ជូនថាអំណោយដែលចែកជូន ក្នុងម្នាក់ទទួលបាន មី ទឹកដោះគោ ស្ករស ត្រីខកំប៉ុង នំក្រៀម សារុង ក្រមា និងថវិកាមួយចំនួនផងដែរ។


