រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ក្រមសីលធម៌គឺជាអាវក្រោះរបស់អ្នកសារព័ត៌មាន ប៉ុន្តែមិនមែនជាអភ័យឯកសិទ្ធិដែលអាចលើកលែងការទទួលខុសត្រូវចំពោះអំពើខុសច្បាប់នោះទេ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះការពារអ្នកសារព័ត៌មាន តាមរយៈការកាត់បន្ថយហានិភ័យ និងការពារខ្លួនពីបញ្ហាដែលអាចកើតឡើងក្នុងពេលបំពេញការងារ ប៉ុន្តែក្រមសីលធម៌មិនមែនជាអភ័យឯកសិទ្ធិដែលអាចលើកលែងការទទួលខុសត្រូវចំពោះអំពើខុសច្បាប់នោះទេ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា អ្នកសារព័ត៌មានដែលប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ គឺជាអ្នកដែលចេះផ្ទៀងផ្ទាត់ព័ត៌មានមុនពេលផ្សាយ ដោយមិនប្រញាប់សន្និដ្ឋាន ឬផ្សព្វផ្សាយការចោទប្រកាន់ណាមួយដោយគ្មានមូលដ្ឋានច្បាស់លាស់។ ជាក់ស្តែង នៅពេលទទួលបានព័ត៌មានអំពីការចោទប្រកាន់ថា មន្ត្រីណាម្នាក់បានប្រព្រឹត្តអំពើមិនប្រក្រតី អ្នកសារព័ត៌មានត្រូវស្វែងរកប្រភពព័ត៌មាន ពិនិត្យឯកសារពាក់ព័ន្ធ ស្វែងរកសាក្សី និងផ្ទៀងផ្ទាត់ជាមួយប្រភពឯករាជ្យផ្សេងទៀត មុននឹងសម្រេចចិត្តផ្សព្វផ្សាយ។
ជាមួយគ្នានេះ អ្នកសារព័ត៌មានត្រូវផ្តល់ឱកាសឱ្យបុគ្គលដែលរងការចោទប្រកាន់បំភ្លឺ រក្សាទុកឯកសារ សំឡេង និងសម្ភារៈដើមដែលពាក់ព័ន្ធ ព្រមទាំងប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ ដោយបែងចែកឱ្យច្បាស់រវាងការចោទប្រកាន់ និងអង្គហេតុដែលបានបញ្ជាក់។ ជាពិសេស មិនត្រូវចាត់ទុកបុគ្គលណាម្នាក់ថាមានទោសមុនពេលមានសេចក្តីសម្រេចតាមនីតិវិធីច្បាប់ ហើយចំណងជើងព័ត៌មានត្រូវឆ្លុះបញ្ចាំងឱ្យស្របតាមអង្គហេតុ និងភស្តុតាងដែលមាន។
ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការអនុវត្តគោលការណ៍ទាំងនេះ គឺជាការកសាងអាវក្រោះវិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន ដោយសារតែអ្នកសារព័ត៌មានអាចបង្ហាញពីមូលដ្ឋាននៃការសម្រេចចិត្តផ្សាយរបស់ខ្លួនបាន តាមរយៈប្រភពព័ត៌មាន ឯកសារគាំទ្រ ការផ្ទៀងផ្ទាត់ ការស្នើសុំការបំភ្លឺ និងការបែងចែកឱ្យដាច់រវាងអង្គហេតុ និងការអះអាង។
ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា៖ «អាវក្រោះមិនមែនជាអភ័យឯកសិទ្ធិទេ»។ ការប្រកាន់ខ្ជាប់ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាននៅពេលបំពេញការងារដោយត្រឹមត្រូវ និងមានការទទួលខុសត្រូវ ប៉ុន្តែមិនអាចប្រើជាហេតុផលដើម្បីលើកលែងការទទួលខុសត្រូវចំពោះអំពើដែលផ្ទុយនឹងច្បាប់បានឡើយ។ ដូចគ្នានេះដែរ បណ្ណសារព័ត៌មានជាបណ្ណសម្គាល់អត្តសញ្ញាណ និងភារកិច្ចវិជ្ជាជីវៈ មិនមែនជាបណ្ណដែលផ្តល់អភ័យឯកសិទ្ធិពីការអនុវត្តច្បាប់នោះទេ។
សារសំខាន់ដែលឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើង គឺអ្នកសារព័ត៌មានត្រូវការពារខ្លួនតាមរយៈការអនុវត្តវិជ្ជាជីវៈប្រកបដោយភាពត្រឹមត្រូវ សុចរិតភាព និងការទទួលខុសត្រូវ មិនមែនតាមរយៈការយកឋានៈ ឬបណ្ណសារព័ត៌មានមកធ្វើជាខែលការពារនោះទេ។ ការគោរពក្រមសីលធម៌ ការផ្ទៀងផ្ទាត់ព័ត៌មាន និងការគោរពច្បាប់ គឺជាគោលការណ៍សំខាន់ក្នុងការការពារភាពជឿទុកចិត្តរបស់សាធារណជន និងលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈសារព័ត៌មាន។
ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល» នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ដោយមានអ្នកសារព័ត៌មាន និងមន្ត្រីផ្នែកព័ត៌មានជាង ៧០០នាក់ចូលរួម៕


