ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាត្រីវិស័យណែនាំការអនុវត្តក្រមសីលធម៌ និងការទទួលខុសត្រូវវិជ្ជាជីវៈ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះរួមសម្រាប់ការអនុវត្តក្រមសីលធម៌ និងការប្រកបវិជ្ជាជីវៈសារព័ត៌មានប្រកបដោយទំនួលខុសត្រូវ តម្លាភាព និងគុណភាព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ធម្មនុញ្ញនេះមិនមែនគ្រាន់តែជាឯកសារសម្រាប់អាន ឬរក្សាទុកនោះទេ ប៉ុន្តែជាគោលការណ៍ណែនាំដែលអ្នកសារព័ត៌មានត្រូវយកទៅអនុវត្តជាក់ស្តែងក្នុងការបំពេញការងារប្រចាំថ្ងៃ។
ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល» នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ដោយមានអ្នកសារព័ត៌មាន និងមន្ត្រីផ្នែកព័ត៌មានជាង ៧០០នាក់ចូលរួម។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងព័ត៌មានបានដាក់ឱ្យអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ក្នុងគោលបំណងបង្កើតមូលដ្ឋានរួមសម្រាប់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ជំរុញឱ្យការផ្សព្វផ្សាយព័ត៌មានមានទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវ ព្រមទាំងចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន និងសុវត្ថិភាពអ្នកសារព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានប្រៀបធៀបធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានទៅនឹងត្រីវិស័យ ដែលជួយណែនាំទិសដៅនៅពេលជួបប្រទះស្ថានភាពស្មុគស្មាញ ដោយមានប្រសាសន៍ថា៖ «ធម្មនុញ្ញវិជ្ជាជីវៈដូចជាត្រីវិស័យ។ ត្រីវិស័យមិនដើរជំនួសយើងបានទេ ប៉ុន្តែនៅពេលផ្លូវច្របូកច្របល់ វាប្រាប់យើងថាទិសណាគួរទៅ»។
ឯកឧត្តមបានបន្តថា នៅពេលអ្នកសារព័ត៌មានជួបប្រទះព័ត៌មានដែលមានភាពស្មុគស្មាញ រសើប ឬពាក់ព័ន្ធនឹងផលប្រយោជន៍ច្រើនផ្នែក ការប្រកាន់ខ្ជាប់ធម្មនុញ្ញវិជ្ជាជីវៈនឹងជួយឱ្យអ្នកសារព័ត៌មានចេះពិចារណា និងវិនិច្ឆ័យមុនសម្រេចចិត្តផ្សាយ ដោយត្រូវសួរខ្លួនឯងថា តើព័ត៌មាននោះជាការពិតឬទេ? តើប្រភពព័ត៌មានមានភាពច្បាស់លាស់ឬទេ? តើបានផ្ទៀងផ្ទាត់អង្គហេតុគ្រប់គ្រាន់ហើយឬនៅ? តើព័ត៌មាននោះមានផលប្រយោជន៍សាធារណៈកម្រិតណា? ហើយតើការផ្សាយនោះអាចប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃដែរឬទេ?
ក្រៅពីនេះ អ្នកសារព័ត៌មានក៏ត្រូវពិនិត្យមើលថាតើមានទំនាស់ផលប្រយោជន៍ក្នុងការរាយការណ៍ឬអត់ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) មានតម្លាភាពដែរឬទេ និងតើចំណងជើងព័ត៌មានស្របតាមអង្គហេតុ និងភស្តុតាងដែលមានដែរឬទេ។ ការពិចារណាលើចំណុចទាំងនេះ គឺជាផ្នែកសំខាន់នៃការវិនិច្ឆ័យវិជ្ជាជីវៈ ដែលជួយឱ្យអ្នកសារព័ត៌មានអាចពន្យល់ និងការពារការសម្រេចចិត្តផ្សាយរបស់ខ្លួនដោយផ្អែកលើគោលការណ៍វិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន មិនត្រឹមតែជួយលើកកម្ពស់គុណភាពព័ត៌មាន និងពង្រឹងទំនុកចិត្តរបស់សាធារណជនចំពោះសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នកសារព័ត៌មានបំពេញតួនាទីរបស់ខ្លួនដោយមានវិជ្ជាជីវៈ សីលធម៌ និងការទទួលខុសត្រូវ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងបរិយាកាសព័ត៌មានក្នុងសម័យឌីជីថល។
សរុបមក ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមានសារៈសំខាន់ក្នុងការកំណត់ទិសដៅ និងជួយណែនាំការសម្រេចចិត្តរបស់អ្នកសារព័ត៌មានក្នុងការបំពេញការងារ ជាពិសេសនៅពេលប្រឈមនឹងព័ត៌មានស្មុគស្មាញ និងបញ្ហាប្រឈមថ្មីៗ។ ការយកធម្មនុញ្ញនេះទៅអនុវត្តជាក់ស្តែង គឺជាកត្តាសំខាន់មួយក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ ពង្រឹងសុវត្ថិភាពអ្នកសារព័ត៌មាន និងរក្សាទំនុកចិត្តរបស់សាធារណជនលើព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ៕


