ឯកឧត្តម នេត្រ ភក្ត្រា៖ ក្នុងសម័យឌីជីថល មនុស្សគ្រប់គ្នាអាចផ្សាយព័ត៌មាន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកសារព័ត៌មានវិជ្ជាជីវៈនោះទេ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្នុងសម័យឌីជីថល មនុស្សគ្រប់គ្នាអាចបង្កើត និងផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណជនបានយ៉ាងឆាប់រហ័ស ប៉ុន្តែការមានមធ្យោបាយផ្សាយព័ត៌មាន មិនមានន័យថាបុគ្គលគ្រប់រូបសុទ្ធតែជាអ្នកសារព័ត៌មានវិជ្ជាជីវៈនោះទេ។ អ្វីដែលកំណត់ភាពជាអ្នកសារព័ត៌មានវិជ្ជាជីវៈ គឺការគោរពការពិត ការផ្ទៀងផ្ទាត់ព័ត៌មាន ការប្រកាន់ខ្ជាប់ក្រមសីលធម៌ និងការទទួលខុសត្រូវចំពោះសាធារណជន។

ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល» នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ដោយមានអ្នកសារព័ត៌មាន និងមន្ត្រីផ្នែកព័ត៌មានជាង ៧០០នាក់ចូលរួម។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលបានផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនូវរបៀបផលិត និងចែកចាយព័ត៌មាន។ ប្រសិនបើកាលពីមុន ការផ្សព្វផ្សាយព័ត៌មានទៅកាន់មនុស្សរាប់ម៉ឺននាក់ត្រូវការស្ថានីយវិទ្យុ ទូរទស្សន៍ កាសែត និងធនធានមនុស្សជាច្រើននាក់នោះ សព្វថ្ងៃនេះ ទូរសព្ទដៃមួយគ្រឿងក៏អាចប្រើប្រាស់សម្រាប់ថតរូប ថតវីដេអូ ផ្សាយផ្ទាល់ សរសេរអត្ថបទ កាត់ត និងចែករំលែកព័ត៌មានទៅកាន់មនុស្សរាប់សែននាក់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្តី ឯកឧត្តមបានសង្កត់ធ្ងន់ថា លទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មានកាន់តែងាយស្រួល ក៏នាំមកនូវបញ្ហាប្រឈមកាន់តែធំផងដែរ ជាពិសេសការរីករាលដាលនៃព័ត៌មានមិនពិត និងព័ត៌មានដែលត្រូវបានកែច្នៃ ឬបំភ្លៃឱ្យខុសពីអង្គហេតុដើម។ ការមានទំព័របណ្តាញសង្គម ឬមានអ្នកតាមដានច្រើន មិនមែនជាភស្តុតាងបញ្ជាក់ថាបុគ្គលនោះមានវិជ្ជាជីវៈសារព័ត៌មាននោះទេ ហើយព័ត៌មានដែលទទួលបានការចែករំលែកយ៉ាងច្រើន ក៏មិនអាចធ្វើឱ្យព័ត៌មានមិនពិតក្លាយជាការពិតបានដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖ «ការមានអ្នកទស្សនាច្រើន មិនមែនជាសេចក្តីបញ្ជាក់ថារឿងនោះពិតទេ។ ការចែករំលែកច្រើន មិនមែនជាការបញ្ជាក់ពីភាពត្រឹមត្រូវ ហើយក៏មិនមែនជាភស្តុតាងបញ្ជាក់ថាយើងមានវិជ្ជាជីវៈនោះដែរ»។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា អ្នកសារព័ត៌មានវិជ្ជាជីវៈត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗ រួមមាន ការគោរពការពិត ការផ្ទៀងផ្ទាត់ព័ត៌មាន និងប្រភពព័ត៌មាន ការបែងចែកឱ្យដាច់រវាងព័ត៌មាន និងមតិយោបល់ ការគោរពសិទ្ធិអ្នកដទៃ ភាពស្មោះត្រង់ ឯករាជ្យភាពវិជ្ជាជីវៈ ការគោរពក្រមសីលធម៌ ការយល់ដឹងអំពីច្បាប់ និងការទទួលខុសត្រូវចំពោះសាធារណជន។ ការក្លាយជាអ្នកផ្សព្វផ្សាយព័ត៌មានអាចចំណាយពេលត្រឹមតែមួយនាទី ប៉ុន្តែការក្លាយជាអ្នកសារព័ត៌មានវិជ្ជាជីវៈត្រូវការការរៀនសូត្រ វិន័យ ការអនុវត្ត បទពិសោធន៍ និងសីលធម៌វិជ្ជាជីវៈ។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា មិនមែនរាល់ព័ត៌មានដែលមនុស្សម្នាក់មិនពេញចិត្ត ឬរាល់មតិយោបល់ដែលខុសពីទស្សនៈរបស់ខ្លួន សុទ្ធតែជាព័ត៌មានក្លែងក្លាយនោះទេ។ ជាមួយគ្នានេះ ការរិះគន់រដ្ឋាភិបាលក៏មិនអាចចាត់ទុកថាជាព័ត៌មានក្លែងក្លាយដោយស្វ័យប្រវត្តិដែរ។ ការកំណត់ថាព័ត៌មានណាមួយជាព័ត៌មានមិនពិត ត្រូវផ្អែកលើអង្គហេតុ និងការពិនិត្យថាតើព័ត៌មាននោះត្រូវបានបង្កើតឡើង កែប្រែ បំភ្លៃ ឬយកព័ត៌មានចាស់មកដាក់ក្នុងបរិបទថ្មី ដែលធ្វើឱ្យសាធារណជនយល់ច្រឡំឬយ៉ាងណា។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការបង្ហោះ ឬចែករំលែកព័ត៌មានមិនមែនជាអំពើខុសច្បាប់ដោយស្វ័យប្រវត្តិនោះទេ ប៉ុន្តែការទទួលខុសត្រូវផ្នែកច្បាប់អាចកើតមាន អាស្រ័យលើខ្លឹមសារ ចេតនា ផលប៉ះពាល់ និងបទប្បញ្ញត្តិច្បាប់ដែលពាក់ព័ន្ធ។ ដូច្នេះ អ្នកប្រើប្រាស់បណ្តាញសង្គមមិនគួរយល់ថា ខ្លួនគ្មានការទទួលខុសត្រូវឡើយ ដោយសារតែខ្លួនគ្រាន់តែចែករំលែកព័ត៌មានដែលអ្នកដទៃបានបង្ហោះរួចហើយនោះទេ។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ពិសេសអ្នកដែលមានឥទ្ធិពលក្នុងការផ្សព្វផ្សាយព័ត៌មាន ត្រូវពិនិត្យប្រភព ផ្ទៀងផ្ទាត់អង្គហេតុ និងស្វែងយល់ពីបរិបទឱ្យបានច្បាស់លាស់ មុននឹងបង្ហោះ ឬចែករំលែកព័ត៌មានណាមួយ ដើម្បីចៀសវាងការក្លាយជាអ្នកចូលរួមផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កការយល់ច្រឡំ និងប៉ះពាល់ដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកដទៃ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលព័ត៌មានអាចរីករាលដាលក្នុងល្បឿនលឿនជាងពេលណាៗទាំងអស់ ការទទួលខុសត្រូវមិនមែនជាកាតព្វកិច្ចរបស់អ្នកសារព័ត៌មានតែមួយក្រុមប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមរបស់អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងមូល។ ទន្ទឹមនឹងនេះ អ្នកសារព័ត៌មានវិជ្ជាជីវៈត្រូវបន្តពង្រឹងសមត្ថភាព បច្ចេកទេស និងក្រមសីលធម៌ ដើម្បីធានាថាព័ត៌មានដែលផ្សព្វផ្សាយមានភាពត្រឹមត្រូវ ជឿទុកចិត្តបាន និងបម្រើផលប្រយោជន៍សាធារណៈ។

សារសំខាន់ដែលឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើង គឺនៅក្នុងសម័យឌីជីថល ដែលមនុស្សគ្រប់គ្នាអាចក្លាយជាអ្នកផ្សព្វផ្សាយព័ត៌មានបានយ៉ាងងាយស្រួល ការរក្សាតម្លៃនៃវិជ្ជាជីវៈសារព័ត៌មានកាន់តែមានសារៈសំខាន់។ ការផ្សាយឱ្យបានលឿនមិនគួរមានអាទិភាពលើការផ្សាយឱ្យបានត្រឹមត្រូវនោះទេ ហើយការទទួលបានការចាប់អារម្មណ៍ច្រើន ក៏មិនគួរមានតម្លៃលើសការពិត និងការទទួលខុសត្រូវដែរ៕