«ក្រសួងមុខងារសាធារណៈបិទបញ្ចប់ដំណាក់កាលកំណែ និងចុះហត្ថលេខាលើលទ្ធផលប្រឡងគ្រូមធ្យមសិក្សា ឆ្នាំ២០២៦-២០២៧ ក្រោមការឃ្លាំមើលយ៉ាងតឹងរឹងដើម្បីធានាតម្លាភាព»
ក្រោយពីបានបញ្ចប់ដំណើរការកែ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះផ្ទាល់ទៅកាន់មណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ និងចុះហត្ថលេខាលើបញ្ជីឈ្មោះបេក្ខជនដែលប្រឡងជាប់នៃការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមធ្យមសិក្សា (វិទ្យាល័យ និងអនុវិទ្យាល័យ) លើកិច្ចព្រមព្រៀងការងារ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដែលសម័យប្រឡងបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។
ការពិនិត្យនិងចុះហត្ថលេខាលើលទ្ធផលដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសនេះ ត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនស្ថាប័ន រួមមានតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ព្រមទាំងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ ស.ស.យ.ក. និងអ្នកសារព័ត៌មាន។ ការចូលរួមនិងឃ្លាំមើលពីគ្រប់មជ្ឈដ្ឋានថ្នាក់ជាតិ និងសង្គមស៊ីវិលនេះ គឺដើម្បីធានាអះអាងពីភាពស្អាតស្អំ យុត្តិធម៌ និងភាពត្រឹមត្រូវតាមពិតប្រាកដ ស្របតាមពាក្យស្លោក «អ្នកចេះគឺជាប់» មុននឹងប្រកាសលទ្ធផលជាផ្លូវការជូនដល់បេក្ខជន-បេក្ខនារីទាំងអស់បានជ្រាប។


