ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញបិទសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល» ដោយមានអ្នកសារព័ត៌មាន និងមន្ត្រីផ្នែកព័ត៌មានជិត ៧០០នាក់ចូលរួម

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល» ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ (MSJ) នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មាន មន្ត្រីផ្នែកព័ត៌មាន និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធនានា សរុបជិត ៧០០នាក់។

សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃ ដែលបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ឱ្យកាន់តែយល់ច្បាស់អំពីបញ្ហាប្រឈមនៃព័ត៌មានក្លែងក្លាយ ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងពង្រឹងជំនាញក្នុងការស្វែងរក ពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃភាពត្រឹមត្រូវនៃព័ត៌មាន មុននឹងផ្សព្វផ្សាយជាសាធារណៈ។

តាមរយៈសិក្ខាសាលានេះ អ្នកចូលរួមបានចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវចំពោះខ្លឹមសារព័ត៌មានដែលបានផលិត និងផ្សព្វផ្សាយ។ ជាមួយគ្នានេះ សិក្ខាសាលាក៏បានផ្តល់ឱកាសឱ្យអ្នកសារព័ត៌មាន និងមន្ត្រីផ្នែកព័ត៌មានស្វែងយល់បន្ថែមអំពីវិធីសាស្ត្រផ្ទៀងផ្ទាត់ព័ត៌មាន និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗក្នុងបរិយាកាសព័ត៌មានឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងសម័យដែលព័ត៌មានអាចផ្សព្វផ្សាយទៅដល់សាធារណជនបានយ៉ាងឆាប់រហ័ស ការទទួលខុសត្រូវវិជ្ជាជីវៈ ការផ្ទៀងផ្ទាត់អង្គហេតុ និងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គឺជាកត្តាសំខាន់ក្នុងការធានាគុណភាព និងភាពជឿទុកចិត្តនៃព័ត៌មាន។ អ្នកសារព័ត៌មានត្រូវបន្តពង្រឹងសមត្ថភាព និងការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីធានាថា ព័ត៌មានដែលផ្សព្វផ្សាយមានភាពត្រឹមត្រូវ ច្បាស់លាស់ និងបម្រើផលប្រយោជន៍សាធារណៈ។

តាមរយៈដំណើរការការអង្គសិក្ខាសាលារយៈពេលពីរថ្ងៃនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យព័ត៌មាន និងជំរុញការអនុវត្តវិជ្ជាជីវៈសារព័ត៌មានឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងបរិយាកាសព័ត៌មានសម័យថ្មី ព្រមទាំងរួមចំណែកពង្រឹងទំនុកចិត្តរបស់សាធារណជនលើវិស័យសារព័ត៌មាននៅកម្ពុជា៕