ឯកឧត្តម អ៊ុក កោសា និងឯកឧត្តម ឈួរ សុបញ្ញា ជំរុញការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ការបទល្មើសនៅមូលដ្ឋានឃុំដំណាក់រាំង
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក កោសា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និង ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង បានជះបសំណេះសំណាលជាមួយប្រធានភូមិ និងប្រជាការពារភូមិ ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនេះ ឯកឧត្តម ឈួរ សុបញ្ញា បានលើកឡើងថា ប្រធានភូមិ និងប្រជាការពារភូមិ មានតួនាទីសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ការផ្តល់ព័ត៌មានទាន់ពេលវេលា ការសម្របសម្រួលដោះស្រាយបញ្ហានានា និងការចូលរួមបង្ការ ទប់ស្កាត់បទល្មើសនៅក្នុងសហគមន៍។ ដូច្នេះ សូមបន្តបំពេញតួនាទីភារកិច្ចដោយស្មារតីទទួលខុសត្រូវ ស្មោះត្រង់ មានវិន័យ និងគោរពច្បាប់ ដោយយកសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាអាទិភាព។ពាក់ព័ន្ធនឹងគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមពីគ្រប់ភាគី ក្នុងការបង្ការ និងទប់ស្កាត់បទល្មើស ការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ការទប់ស្កាត់បញ្ហាគ្រឿងញៀន អំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសុវត្ថិភាព និងការរស់នៅក្នុងសហគមន៍ប្រកបដោយសុខដុមរមនា។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam Online ដែលអាចបង្កការខាតបង់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានណែនាំឱ្យប្រធានភូមិ និងប្រជាការពារភូមិ បន្តផ្សព្វផ្សាយការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការផ្តល់ការងារដែលមានប្រាក់ចំណូលខ្ពស់ខុសប្រក្រតី ការស្នើសុំផ្ទេរប្រាក់ពីប្រភពមិនច្បាស់លាស់ តំណភ្ជាប់គួរឱ្យសង្ស័យ និងការស្នើសុំព័ត៌មានផ្ទាល់ខ្លួន ឬលេខសម្ងាត់ធនាគារ។ ក្នុងករណីសង្ស័យថាមានបទល្មើស ត្រូវរាយការណ៍ទៅអាជ្ញាធរ ឬសមត្ថកិច្ចមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់។
ថ្លែងក្នុងឱកាសជាអធិបតី ឯកឧត្តម អ៊ុក កោសា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់ប្រធានភូមិ និងប្រជាការពារភូមិ ក្នុងការអនុវត្តការងាររដ្ឋបាលមូលដ្ឋាន និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យកម្លាំងនៅមូលដ្ឋានទាំងអស់ បន្តសហការជាមួយអាជ្ញាធរឃុំ ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ដោយអនុវត្តតួនាទីភារកិច្ចឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទបញ្ជាជាធរមាន។
ឯកឧត្តមទាំងពីរបានលើកទឹកចិត្តឱ្យប្រធានភូមិ និងប្រជាការពារភូមិ បន្តពង្រឹងស្មារតីសាមគ្គីភាព កិច្ចសហការ និងការទទួលខុសត្រូវក្នុងការបម្រើប្រជាពលរដ្ឋ ព្រមទាំងចូលរួមផ្សព្វផ្សាយចំណេះដឹងអំពីសុវត្ថិភាពសហគមន៍ និងសុវត្ថិភាពឌីជីថល ដើម្បីរួមគ្នាកសាងមូលដ្ឋានឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងការរស់នៅប្រកបដោយសុខសុវត្ថិភាព និងសុខដុមរមនា។


