កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងអង្គការ Worldwide Veterinary Service Cambodia(WVS) បើកសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិសម្រាប់ការអប់រំផ្នែកវេជ្ជសាស្ត្រសត្វ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិសម្រាប់ការអប់រំផ្នែកវេជ្ជសាស្ត្រសត្វ ដែលបង្កើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម(RUA) និងអង្គការ(WVS Cambodia) នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី ឯកឧត្តមបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ(WVS Cambodia) ដែលបានផ្តល់អាគារមជ្ឈមណ្ឌល ជាទីកន្លែងដ៏សមស្របមួយសម្រាប់និស្សិតបសុពេទ្យ អ្នកជំនាញវិជ្ជាជីវៈ និងសិក្ខាកាមអន្តរជាតិ ក្នុងការអភិវឌ្ឍជំនាញគ្លីនិកអនុវត្តផ្ទាល់ ចែករំលែកចំណេះដឹង និងរៀនសូត្រពីគ្រូបង្គោលដែលមានបទពិសោធន៍ខ្ពស់ ហើយគិតមកទល់ពេលនេះ សត្វសុនខចំនួន ១,០៧០ ក្បាល ត្រូវបានវះកាត់ក្រៀវតាមរយៈសកម្មភាពគ្លីនិក និងការបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌល។

ទន្ទឹមនឹងនេះផងដែរ កញ្ញា Martina Mayr នាយិកាប្រចាំប្រទេសនៃអង្គការ Worldwide Veterinary Service Cambodia(WVS) បានលើកឡើងពីការបើកសម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសុខភាពសត្វ និងការបង្កើតសហគមន៍ឱ្យកាន់តែរឹងមាំ។ គោលបំណងស្នូលនៃមជ្ឈមណ្ឌលនេះ គឺផ្តោតលើមនុស្ស ពោលគឺការបង្កើតឱកាសសម្រាប់អ្នកជំនាញវិជ្ជា ជីវៈវេជ្ជសាស្ត្រសត្វ និស្សិត និងសិក្ខាកាមអន្តរជាតិ ក្នុងការរៀនសូត្រ ចែករំលែកបទពិសោធន៍ និងអភិវឌ្ឍជំនាញវេជ្ជសាស្រ្តសត្វអនុវត្តជាក់ស្តែង ដើម្បីបង្កើតឱ្យមានផលជាវិជ្ជមានដល់សហគមន៍មូលដ្ឋាន និងធានាថាសត្វទាំងអស់នឹងទទួលបានការថែទាំ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធអាគារថ្មីមួយ ដែលជានិមិត្តរូបនៃការបោះជំហានទៅមុខក្នុងការពង្រឹងនិងកសាងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តសត្វ ការអភិវឌ្ឍន៍ធនធានមនុស្ស ការលើកកម្ពស់សុខុមាលភាព និងការពង្រឹងសុខភាពសាធារណៈនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់គាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលជាសរស្តម្ភមួយនៃសេដ្ឋកិច្ចជាតិកម្ពុជា ដែលកំពុងរីកចម្រើនជាបន្តបន្ទាប់។

បើតាម ឯកឧត្តមរដ្ឋលេខាធិការ កម្ពុជាមានបំណងចង់អភិវឌ្ឍន៍នូវអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការប្រែក្លាយធនធានមនុស្សជាអ្នកជំនាញដែលមានចំណេះដឹងរឹងមាំ ប្រកបដោយសីលធម៌វិជ្ជាជីវៈ មានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ កំណត់ស្តង់ដារ និងការពារផលប្រយោជន៍សាធារណៈ សុខុមាលភាពសត្វ និងសុវត្ថិភាពចំណីអាហារ ដែលទាមទារការចូលរួមពីដៃគូអភិវឌ្ឍន៍ទាំងអស់ និងភាគីពាក់ព័ន្ធ សំដៅរួមចំណែកជំរុញក្នុងដំណើរដ៏សំខាន់នេះ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ពីសារសំខាន់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ ដែលអាចបង្កើតនូវអ្នកជំនាញជំនាន់ថ្មី ដើម្បីបម្រើដល់ប្រជាជន និងសង្គមជាតិ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ដៃគូសហការជាតិនិងអន្តរជាតិ ជាពិសេសអង្គការ Worldwide Veterinary Service Cambodia(WVS) ដែលបានធ្វើឲ្យមជ្ឈមណ្ឌលនេះលេចចេញជារូបរាងពិតប្រាកដ៕