ឯកឧត្តម នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មាន និងអាជ្ញាធរមិនមែនជាសត្រូវនឹងគ្នា តែជាដៃគូក្នុងការបម្រើប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន និងអាជ្ញាធរមូលដ្ឋានមិនមែនជាសត្រូវនឹងគ្នានោះទេ ប៉ុន្តែជាភាគីដែលមានតួនាទីខុសគ្នា និងមានគោលដៅរួម គឺបម្រើប្រជាពលរដ្ឋតាមរយៈការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងការផ្តល់ព័ត៌មានជាក់លាក់ ទាន់ពេលវេលា និងមានការទទួលខុសត្រូវ។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការសហការរវាងភាគីទាំងពីរត្រូវផ្អែកលើការគោរពគ្នាទៅវិញទៅមក ដោយមិនធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានឡើយ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «អ្នកសារព័ត៌មានមិនមែនជាសត្រូវរបស់អាជ្ញាធរទេ ហើយអាជ្ញាធរក៏មិនមែនជាសត្រូវរបស់អ្នកសារព័ត៌មានដែរ។ អ្នកសារព័ត៌មានមានភារកិច្ចស្វែងរក និងរាយការណ៍អង្គហេតុ។ អាជ្ញាធរមានភារកិច្ចផ្តល់ព័ត៌មាន និងបំភ្លឺបញ្ហាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ភាគីទាំងពីរមានតួនាទីខុសគ្នា ប៉ុន្តែមានគោលដៅរួម គឺបម្រើប្រជាពលរដ្ឋ។ ការសហការមិនមានន័យថាអ្នកសារព័ត៌មានត្រូវបោះបង់ឯករាជ្យភាពវិជ្ជាជីវៈរបស់ខ្លួននោះទេ»។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងការធានាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវ មិនអាចពឹងផ្អែកលើការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានតែមួយភាគីនោះទេ ប៉ុន្តែត្រូវការការចូលរួម និងកិច្ចសហការពីអាជ្ញាធរមូលដ្ឋានផងដែរ។ អាជ្ញាធរមានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មាន បំភ្លឺអង្គហេតុ និងឆ្លើយតបចំពោះបញ្ហាដែលមានផលប្រយោជន៍សាធារណៈ ជាពិសេសនៅពេលមានហេតុការណ៍ ឬបញ្ហាដែលប្រជាពលរដ្ឋកំពុងត្រូវការការបញ្ជាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា នៅពេលមានបញ្ហាកើតឡើង ប្រជាពលរដ្ឋត្រូវការព័ត៌មានដែលត្រឹមត្រូវ និងទាន់ពេលវេលា។ ប្រសិនបើអាជ្ញាធរមិនផ្តល់ព័ត៌មាន ឬឆ្លើយតបយឺតយ៉ាវ ចន្លោះប្រហោងនៃព័ត៌មានអាចបង្កឱ្យមានការរីករាលដាលនៃពាក្យចចាមអារ៉ាម ការសន្និដ្ឋានដោយគ្មានមូលដ្ឋាន និងការយល់ច្រឡំក្នុងសង្គម។ 

ឯកឧត្តម ថ្លែងថា៖ «ដូច្នេះ ការផ្តល់ព័ត៌មានដោយច្បាស់លាស់ និងទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់តម្លាភាព ការយល់ដឹងរបស់សាធារណជន និងការកសាងទំនុកចិត្តរវាងប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធ»។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋានកំណត់អ្នកទទួលបន្ទុកផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ បង្កើតយន្តការឆ្លើយតបដែលមានប្រសិទ្ធភាព និងពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន ដើម្បីធានាថាព័ត៌មានដែលមានសារៈសំខាន់សម្រាប់សាធារណជនត្រូវបានផ្តល់ និងបំភ្លឺបានទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការរិះគន់ដែលផ្អែកលើអង្គហេតុ មិនគួរត្រូវបានចាត់ទុកថាជាការប្រឆាំងនឹងអាជ្ញាធរនោះទេ។ ផ្ទុយទៅវិញ ការរាយការណ៍បញ្ហាដែលកើតមានជាក់ស្តែង និងការផ្តល់ឱកាសឱ្យគ្រប់ភាគីបកស្រាយ គឺជាផ្នែកមួយនៃការបំពេញតួនាទីវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងអាចជួយឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យកែលម្អការងារ និងដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ឯកឧត្តមបានលើកឡើងថា ការកសាងទំនាក់ទំនងល្អរវាងអាជ្ញាធរមូលដ្ឋាន និងអ្នកសារព័ត៌មាន ដូច្នេះ មិនមែនមានន័យថាត្រូវយល់ស្របគ្នាគ្រប់រឿង ឬបោះបង់តួនាទីរៀងៗខ្លួននោះទេ ប៉ុន្តែត្រូវចេះស្តាប់គ្នា គោរពគ្នា ផ្តល់ព័ត៌មានដោយស្មោះត្រង់ និងបំពេញភារកិច្ចដោយការទទួលខុសត្រូវ។ អ្នកសារព័ត៌មានត្រូវរាយការណ៍ដោយផ្អែកលើអង្គហេតុ និងផ្ទៀងផ្ទាត់ព័ត៌មាន ខណៈអាជ្ញាធរត្រូវបំពេញកាតព្វកិច្ចផ្តល់ព័ត៌មាន និងបំភ្លឺបញ្ហាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ជារួម កិច្ចសហការប្រកបដោយការគោរពគ្នា និងការទទួលខុសត្រូវរវាងអ្នកសារព័ត៌មាន និងអាជ្ញាធរមូលដ្ឋាន គឺជាមូលដ្ឋានសំខាន់សម្រាប់ធានាឱ្យមានព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងអាចជឿទុកចិត្តបាន។ ការបំពេញតួនាទីរៀងៗខ្លួនដោយស្មោះត្រង់ និងប្រកបដោយវិជ្ជាជីវៈ មិនត្រឹមតែជួយកាត់បន្ថយការយល់ច្រឡំ និងពាក្យចចាមអារ៉ាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងការបម្រើផលប្រយោជន៍សាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

ការគូសបញ្ជាក់ខាងលើនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន តំណាងសមាគមអ្នកសារព័ត៌មាន អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាឌីជីថល ប្រមាណជិត ៧០០នាក់៕