ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការផ្សាយលឿនមិនមែនមានន័យថាព័ត៌មានត្រឹមត្រូវទាំងអស់នោះទេ ការពិតត្រូវផ្អែកលើអង្គហេតុ និងភស្តុតាង
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្នុងសម័យឌីជីថល អ្នកសារព័ត៌មានមិនត្រឹមតែត្រូវមានជំនាញបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានក្រមសីលធម៌ និងវិន័យវិជ្ជាជីវៈខ្ពស់ ដោយផ្តល់អាទិភាពដល់ភាពត្រឹមត្រូវ និងគុណភាពព័ត៌មាន ព្រោះចំនួនអ្នកចូលមើល ឬចែករំលែកមិនអាចប្រើជារង្វាស់កំណត់ការពិតបានឡើយ។
ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន តំណាងសមាគមអ្នកសារព័ត៌មាន អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាឌីជីថល ប្រមាណ ៧០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ក្នុងសម័យឌីជីថល អ្នកសារព័ត៌មានមិនត្រឹមតែត្រូវមានជំនាញបច្ចេកវិទ្យាទេ ប៉ុន្តែត្រូវមានវិន័យវិជ្ជាជីវៈខ្ពស់ជាងមុន។ ការផ្សាយបានលឿនមិនមានន័យថាផ្សាយបានត្រឹមត្រូវទាំងអស់នោះទេ។ ការមានអ្នកមើលច្រើនមិនមានន័យថាព័ត៌មាននោះមានគុណភាពនោះទេ។ ការមានអ្នកចែករំលែករាប់ម៉ឺនដងក៏មិនអាចធ្វើឱ្យព័ត៌មានមិនពិតក្លាយជាព័ត៌មានពិតបានដែរ។ ការពិតមិនត្រូវបានកំណត់ដោយចំនួន Like, Share ឬ View នោះទេ។ ការពិតត្រូវផ្អែកលើអង្គហេតុ និងភស្តុតាងច្បាស់លាស់»។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលបានធ្វើឱ្យការផលិត និងចែកចាយព័ត៌មានកាន់តែងាយស្រួល និងឆាប់រហ័ស ដោយព័ត៌មានមួយអាចផ្សព្វផ្សាយទៅដល់មនុស្សរាប់ពាន់នាក់ ឬរាប់ម៉ឺននាក់ក្នុងរយៈពេលដ៏ខ្លី។ ការផ្លាស់ប្តូរនេះបានបង្កើតឱកាសថ្មីៗសម្រាប់វិស័យសារព័ត៌មាន ប៉ុន្តែក៏បង្កើនហានិភ័យនៃការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់អង្គហេតុគ្រប់គ្រាន់ផងដែរ។
ក្នុងបរិបទនេះ ការប្រកួតប្រជែងទាក់ទាញអ្នកមើល និងអ្នកតាមដានអាចធ្វើឱ្យអ្នកផលិតមាតិកាមួយចំនួនផ្តោតលើចំណងជើងបំផ្លើស ឬខ្លឹមសាររំជើបរំជួល ដើម្បីបង្កើនចំនួនអ្នកចូលមើល និងការចែករំលែក ដោយមិនបានផ្តល់អាទិភាពគ្រប់គ្រាន់ដល់ភាពត្រឹមត្រូវ និងគុណភាពព័ត៌មាន។ ទន្ទឹមនឹងនេះ ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ក៏អាចត្រូវបានប្រើប្រាស់ដើម្បីបង្កើតរូបភាព សំឡេង និងវីដេអូក្លែងក្លាយ ដែលពិបាកបែងចែកពីការពិត។ ស្ថានភាពនេះទាមទារឱ្យអ្នកសារព័ត៌មានបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងផ្សព្វផ្សាយជាសាធារណៈ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា បច្ចេកវិទ្យាមិនមែនជាបញ្ហាដោយខ្លួនឯងនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺរបៀបដែលមនុស្សប្រើប្រាស់បច្ចេកវិទ្យា។ ឧបករណ៍ឌីជីថលអាចជួយស្វែងរក និងផ្សព្វផ្សាយការពិត ប៉ុន្តែក៏អាចក្លាយជាមធ្យោបាយចែកចាយការចោទប្រកាន់ដែលគ្មានភស្តុតាង ព័ត៌មានបំភ្លៃ ឬខ្លឹមសារដែលបង្កផលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ប្រសិនបើអ្នកប្រើប្រាស់ខ្វះការទទួលខុសត្រូវ។
ជាមួយគ្នានេះ បញ្ញាសិប្បនិម្មិត (AI) អាចជួយសម្រួលដល់ការស្រាវជ្រាវ ការបកប្រែ ការរៀបចំទិន្នន័យ និងការផលិតមាតិកា ប៉ុន្តែមិនអាចជំនួសការវិនិច្ឆ័យ ការផ្ទៀងផ្ទាត់ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានបានឡើយ។ ដូច្នេះ មុននឹងផ្សព្វផ្សាយព័ត៌មាន អ្នកសារព័ត៌មានត្រូវពិនិត្យប្រភព ផ្ទៀងផ្ទាត់អង្គហេតុ និងភស្តុតាង ព្រមទាំងពិចារណាឱ្យបានច្បាស់លាស់អំពីផលប៉ះពាល់ដែលអាចកើតមានចំពោះសាធារណជន។
ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការរៀបចំសិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈ ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីរួមចំណែកពង្រឹងគុណភាពនៃការផ្សព្វផ្សាយព័ត៌មាន និងជំរុញឱ្យអ្នកសារព័ត៌មាន ព្រមទាំងអ្នកផលិតមាតិកាឌីជីថល បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ សុចរិតភាព និងការទទួលខុសត្រូវចំពោះសាធារណជន៕


