ការប្រកួតអ៊ុំទូកកៃយ៉ាក់នៅសហគមន៍ព្រែកកោងកាង ទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករក្នុង “ ព្រឹត្តិការណ៍កីឡាទេសចរណ៍ “
ក្រុងកោះរ៉ុង ៖ ក្នុងបរិយាកាសដ៏រីករាយនៃព្រឹត្តិការណ៍កីឡាទេសចរណ៍ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា និងភ្ញៀវទេសចរ តាមរយៈការប្រកួតកីឡា អ៊ុំទូកកៃយ៉ាក់ នៅសហគមន៍ព្រែកកោងកាង»។
ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ បានប្រមូលផ្តុំប្រភេទកីឡាចម្រុះជាច្រើន ដើម្បីបំផុសស្មារតីស្រឡាញ់សុខភាព និងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ក្នុងតំបន់ ដែលរួមមាន ការប្រកួតរត់ប្រណាំងឧបសគ្គ, កីឡាបាល់ទះលើឆ្នេរខ្សាច់, ការរត់តាមឆ្នេរ (កម្សាន្តតាមភ្លេង) ក្បួនដង្ហែម៉ូតូកង់បី ព្រមទាំងសកម្មភាពកម្សាន្តជាច្រើនទៀត។
ដោយឡែក សម្រាប់ថ្ងៃទី២៤ នេះ ការប្រកួតអ៊ុំទូកកៃយ៉ាក់នៅតំបន់សហគមន៍ព្រែកកោងកាង បានក្លាយជាព្រឹត្តិការណ៍ឡួរជាទីចាប់អារម្មណ៍ ដោយ កីឡាករ-កីឡាការិនី និងក្រុមប្រកួតនានា បានបង្ហាញភាពរហ័សរហួន និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអុំទូកកៃយ៉ាក់កាត់តាមដងព្រែកកោងកាង ដែលហ៊ុំព័ទ្ធដោយធម្មជាតិបៃតងស្រស់បំព្រង។
សកម្មភាពនេះមិនត្រឹមតែជាការប្រកួតប្រជែងសមត្ថភាពកីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏អស្ចារ្យក្នុងការទស្សនាទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងការអភិរក្សបរិស្ថានក្នុងតំបន់សហគមន៍ផងដែរ។ ទនកទឹឦនឹងនេះវត្តមានរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករដែលបានអញ្ជើញមកផ្ទាល់ ដើម្បីទស្សនា និងលើកទឹកចិត្តដល់កីឡាករ បានធ្វើឱ្យបរិយាកាសនៃព្រឹត្តិការណ៍នេះពោរពេញដោយភាពសប្បាយរីករាយ និងក្ដីរំភើបរីករាយក្រៃលែង។
សូមជម្រាបជូនថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ក្រុងកោះរ៉ុង ឆ្នាំ២០២៦ ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍នេះ ត្រូវបានប្រកាសបើកជាផ្លូវ ការដោយលោក សាមុត សុធារិទ្ធ អភិបាល រង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ សេវាកម្ម ផលិតផលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកលេងកម្សាន្ត ស្នាក់នៅក្រុងកោះរ៉ុង កាន់តែច្រើនឡើងបន្ថែមទៀត។
អត្ថបទ៖ម៉ារ៉ាឌី
រូបភាព៖Koh Rong Island-កោះរ៉ុង


