ឯកឧត្តម ឈួរ សុបញ្ញា៖ «គ្រូល្អ បង្កើតសិស្សល្អ សិស្សល្អ រួមចំណែកកសាងសង្គមល្អ និងជាតិរុងរឿង»
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាគ្រូបង្រៀន ឆ្នាំ២០២៦» ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១» នៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោកនាយក នាយករង គណៈកម្មការទ្រទ្រង់សាលា និងលោកគ្រូ អ្នកគ្រូ សរុបប្រមាណ ៧០រូប។
ក្នុងឱកាសនេះ ឯកឧត្តមបានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹករបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងការដឹងគុណចំពោះការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលារបស់លោកគ្រូ អ្នកគ្រូ ក្នុងបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្ស និងចូលរួមអភិវឌ្ឍសង្គមជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បានលើកឡើងថា គ្មានអាជីពណាមួយដែលមិនឆ្លងកាត់ការរៀន និងការបង្រៀននោះទេ។ គ្រូបង្រៀនមិនត្រឹមតែជាអ្នកផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកបំភ្លឺផ្លូវ បណ្តុះគំនិត សីលធម៌ គុណធម៌ និងជួយកសាងអនាគតរបស់សិស្សានុសិស្ស។ គុណតម្លៃនៃការលះបង់របស់គ្រូបង្រៀនមិនអាចវាស់វែងដោយថវិកា ឬសម្ភារៈនិយមបានឡើយ ព្រោះការចែករំលែកចំណេះដឹង បទពិសោធន៍ និងការយកចិត្តទុកដាក់ចំពោះសិស្ស គឺជាការរួមចំណែកដ៏មានតម្លៃក្នុងការកសាងមនុស្ស និងសង្គម។
ឯកឧត្តមបានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ចំណេះដឹង សីលធម៌គរុកោសល្យ និងការបង្រៀនប្រកបដោយភាពច្នៃប្រឌិត ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការរបស់សតវត្សរ៍ទី២១។ ទន្ទឹមនឹងនេះ ត្រូវបន្តយកចិត្តទុកដាក់លើការអប់រំសិស្សឱ្យមានចំណេះដឹង ជំនាញ វិន័យ សីលធម៌ គុណធម៌ និងស្មារតីទទួលខុសត្រូវ ដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋល្អ មានសមត្ថភាព និងអាចចូលរួមអភិវឌ្ឍគ្រួសារ សហគមន៍ និងប្រទេសជាតិ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងសាលារៀន គ្រួសារ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ក្នុងការបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព គុណភាព និងសមធម៌ ព្រមទាំងធានាឱ្យកុមារគ្រប់រូបទទួលបានឱកាសសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ ការគោរព ផ្តល់តម្លៃ និងគាំទ្រដល់គ្រូបង្រៀន គឺជាការវិនិយោគដ៏សំខាន់លើធនធានមនុស្ស និងអនាគតរបស់ប្រទេសជាតិ។
ជាចុងក្រោយ ឯកឧត្តមបានសម្តែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងបានជូនពរលោកគ្រូ អ្នកគ្រូទាំងអស់ សូមមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងកម្លាំងមាំមួន ដើម្បីបន្តរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងកសាងធនធានមនុស្សប្រកបដោយសក្តានុពល សម្រាប់អនាគតដ៏រុងរឿងរបស់កម្ពុជា។
#ទិវាគ្រូបង្រៀន២០២៦ #គ្រូបង្រៀនជាសសរស្តម្ភ #អប់រំដើម្បីអនាគត #ដំណាក់រាំង #កំពង់ស្ពឺ


