ឯកឧត្តម នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មានត្រូវផ្ទៀងផ្ទាត់ការពិតមុនផ្សាយ និងទទួលខុសត្រូវចំពោះព័ត៌មានដែលខ្លួនផ្សព្វផ្សាយ ដើម្បីរក្សាកិត្តិយសវិជ្ជាជីវៈ និងទំនុកចិត្តរបស់សាធារណជន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្នុងយុគសម័យឌីជីថល អ្នកសារព័ត៌មានមិនត្រូវវាស់តម្លៃវិជ្ជាជីវៈតាមល្បឿននៃការផ្សព្វផ្សាយ ឬចំនួនអ្នកចូលមើល និងចែករំលែកនោះទេ ប៉ុន្តែត្រូវផ្អែកលើការស្វែងរកសេចក្តីពិត ការផ្ទៀងផ្ទាត់អង្គហេតុ ការគោរពក្រមសីលធម៌ និងការទទួលខុសត្រូវចំពោះខ្លឹមសារដែលបានផ្សព្វផ្សាយ ដើម្បីរក្សាកិត្តិយសវិជ្ជាជីវៈ និងទំនុកចិត្តរបស់សាធារណជន។
ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន តំណាងសមាគមអ្នកសារព័ត៌មាន អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាឌីជីថល ប្រមាណជិត ៧០០នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកសិក្ខាសាលានេះថា មានសារៈសំខាន់ដោយផ្ទាល់ចំពោះគុណភាពសារព័ត៌មាន កិត្តិយសរបស់អ្នកសារព័ត៌មាន សិទ្ធិរបស់ប្រជាពលរដ្ឋ និងទំនុកចិត្តសាធារណៈ ព្រមទាំងជាវេទិកាសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈមដែលអ្នកសារព័ត៌មានកំពុងជួបប្រទះក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល។
ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្ន មនុស្សម្នាក់អាចថតរូបភាព វីដេអូ ឬផ្សាយផ្ទាល់តាមទូរសព្ទដៃ ហើយបញ្ជូនព័ត៌មានទៅកាន់មនុស្សរាប់ម៉ឺននាក់ក្នុងរយៈពេលតែប៉ុន្មានវិនាទី។ ទោះបីបច្ចេកវិទ្យាបានបង្កើនលទ្ធភាពទទួលបាន និងផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយក៏ដោយ ក៏វាបង្កើតបញ្ហាប្រឈមថ្មីៗផងដែរ ដូចជា ការផ្សព្វផ្សាយព័ត៌មានលឿនជាងការផ្ទៀងផ្ទាត់ ការប្រើចំណងជើងបំផ្លើសដើម្បីទាក់ទាញអ្នកមើល ការបង្កើតរូបភាព និងវីដេអូក្លែងក្លាយដោយបញ្ញាសិប្បនិម្មិត ព្រមទាំងការលាយឡំរវាងព័ត៌មាន មតិយោបល់ និងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្ម។
ក្នុងន័យនេះ ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា៖ «ការផ្សាយបានលឿន មិនមានន័យថាផ្សាយបានត្រឹមត្រូវនោះទេ។ ការមានអ្នកមើលច្រើន មិនមានន័យថាព័ត៌មាននោះមានគុណភាពនោះទេ។ ការពិតមិនត្រូវបានកំណត់ដោយចំនួន Like, Share ឬ View នោះទេ។ ការពិតត្រូវបានកំណត់ដោយអង្គហេតុ និងភស្តុតាងច្បាស់លាស់»។
ឯកឧត្តមបានបញ្ជាក់ថា ឧបករណ៍បច្ចេកវិទ្យា កាមេរ៉ា មីក្រូហ្វូន ឬបណ្ដាញសង្គម អាចជួយឱ្យមនុស្សផលិត និងផ្សព្វផ្សាយព័ត៌មានបាន ប៉ុន្តែមិនមែនជាកត្តាគ្រប់គ្រាន់សម្រាប់កំណត់ភាពជាអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈនោះទេ។ អ្វីដែលសំខាន់ គឺសមត្ថភាពស្វែងរកការពិត ផ្ទៀងផ្ទាត់ព័ត៌មាន គោរពក្រមសីលធម៌ និងទទួលខុសត្រូវចំពោះផលប៉ះពាល់ដែលអាចកើតឡើងពីការផ្សព្វផ្សាយរបស់ខ្លួន។
ពាក់ព័ន្ធនឹងក្រមសីលធម៌សារព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រមសីលធម៌មិនមែនគ្រាន់តែជាឯកសារសម្រាប់អាន ឬដាក់តាំងនៅការិយាល័យនោះទេ ប៉ុន្តែជាគោលការណ៍ដែលអ្នកសារព័ត៌មានត្រូវអនុវត្តជាប្រចាំ ចាប់ពីពេលទទួលបានព័ត៌មាន រហូតដល់ការសម្រេចចិត្តផ្សព្វផ្សាយ និងការដោះស្រាយនៅពេលមានកំហុស។
ឯកឧត្តមបានណែនាំឱ្យអ្នកសារព័ត៌មានផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានម៉ត់ចត់ មុនផ្សព្វផ្សាយការចោទប្រកាន់ណាមួយ ផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធបំភ្លឺ បែងចែកឱ្យច្បាស់រវាងអង្គហេតុ ការអះអាង និងមតិយោបល់ ព្រមទាំងគោរពសេចក្តីថ្លៃថ្នូរ សិទ្ធិឯកជនភាព និងឯករាជ្យភាពវិជ្ជាជីវៈ។ ជាពិសេស អ្នកសារព័ត៌មានត្រូវប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយអត្តសញ្ញាណកុមារ ជនរងគ្រោះ និងបុគ្គលដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្សាយការចោទប្រកាន់មិនមានន័យថាបុគ្គលដែលត្រូវបានចោទប្រកាន់មានកំហុសនោះទេ ហើយអ្នកសារព័ត៌មានមានភារកិច្ចបង្ហាញអង្គហេតុ និងភស្តុតាង មិនមែនសន្និដ្ឋានជំនួសតុលាការឡើយ។ ក្នុងករណីដែលព័ត៌មានមានភាពរសើប ឬអាចបង្កហានិភ័យផ្លូវច្បាប់ ស្ថាប័នសារព័ត៌មានគួរមានការត្រួតពិនិត្យខ្លឹមសារមុនផ្សាយ និងពិគ្រោះយោបល់ជាមួយអ្នកជំនាញតាមការចាំបាច់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានសិក្សាស្វែងយល់អំពីច្បាប់ស្តីពីរបបសារព័ត៌មាន និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។ ឯកឧត្តមបានបញ្ជាក់ថា សេរីភាពសារព័ត៌មានត្រូវដើរទន្ទឹមនឹងការទទួលខុសត្រូវ ខណៈចំណេះដឹងផ្លូវច្បាប់ជួយឱ្យអ្នកសារព័ត៌មានអនុវត្តវិជ្ជាជីវៈប្រកបដោយទំនុកចិត្ត វិន័យ និងការប្រុងប្រយ័ត្ន។
ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកថា បណ្ណសម្គាល់អ្នកសារព័ត៌មានជាសញ្ញានៃភារកិច្ច និងការទទួលខុសត្រូវវិជ្ជាជីវៈ មិនមែនជាអំណាចសម្រាប់គំរាមកំហែង ឬទាមទារប្រាក់ និងផលប្រយោជន៍ពីអ្នកដទៃនោះទេ។ អ្នកសារព័ត៌មានត្រូវរក្សាភាពស្មោះត្រង់ ឯករាជ្យភាព និងប្រើប្រាស់វិជ្ជាជីវៈរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍សាធារណៈ។
ចំពោះការប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ក្នុងវិស័យសារព័ត៌មាន ឯកឧត្តមបានណែនាំឱ្យអ្នកសារព័ត៌មានពិនិត្យប្រភពដើម កាលបរិច្ឆេទ ទីកន្លែង និងបរិបទនៃរូបភាព ឬវីដេអូ មុនយកទៅផ្សព្វផ្សាយ ព្រមទាំងស្វែងរកប្រភពឯករាជ្យសម្រាប់ផ្ទៀងផ្ទាត់។ ប្រសិនបើមិនអាចបញ្ជាក់ភាពត្រឹមត្រូវបានទេ មិនត្រូវយកមាតិកានោះធ្វើជាភស្តុតាងនៃព្រឹត្តិការណ៍ពិតឡើយ។ ឯកឧត្តមបានបញ្ជាក់ថា AI អាចជាឧបករណ៍ជួយការងារសារព័ត៌មាន ប៉ុន្តែមិនអាចជំនួសការវិនិច្ឆ័យ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានបាននោះទេ។
ដោយឡែក ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងពីតួនាទីរបស់អាជ្ញាធរមូលដ្ឋានក្នុងការធានាឱ្យសាធារណជនទទួលបានព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអាជ្ញាធរកំណត់អ្នកទទួលបន្ទុកផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ បង្កើនការឆ្លើយតបចំពោះបញ្ហាដែលមានផលប្រយោជន៍សាធារណៈ និងពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន ដើម្បីកាត់បន្ថយចន្លោះប្រហោងនៃព័ត៌មានដែលអាចបង្កឱ្យមានពាក្យចចាមអារ៉ាម និងការយល់ច្រឡំ។
ឯកឧត្តមបានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន និងអាជ្ញាធរមានតួនាទីខុសគ្នា ប៉ុន្តែមានគោលដៅរួមក្នុងការបម្រើប្រជាពលរដ្ឋ។ កិច្ចសហការត្រូវផ្អែកលើការគោរពគ្នា ភាពស្មោះត្រង់ និងការទទួលខុសត្រូវ ដោយមិនប៉ះពាល់ដល់ឯករាជ្យភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានឡើយ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍ «គិតមុននឹងជឿ ផ្ទៀងផ្ទាត់មុននឹងចែករំលែក» និងមានភាពក្លាហានក្នុងការស្វែងរកការពិត ព្រមទាំងមានភាពម៉ត់ចត់ក្នុងការផ្ទៀងផ្ទាត់ និងការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ។
ឯកឧត្តមបានបញ្ជាក់ជាសារគន្លឹះថា អ្នកសារព័ត៌មានត្រូវខ្លាចការផ្សាយខុស មិនមែនខ្លាចការផ្សាយការពិតឡើយ។ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ការយល់ដឹងពីច្បាប់ និងការទទួលខុសត្រូវវិជ្ជាជីវៈ គឺជាគ្រឹះដ៏សំខាន់សម្រាប់លើកកម្ពស់គុណភាពសារព័ត៌មាន ការពារសិទ្ធិរបស់ប្រជាពលរដ្ឋ និងកសាងទំនុកចិត្តសាធារណៈចំពោះវិស័យសារព័ត៌មាននៅកម្ពុជា៕


