ឯកឧត្តម លី ច័ន្ទតុលា និងគណៈប្រតិភូកម្ពុជា បានបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំលើកទី១១ នៃបណ្ដាញអាស៊ាន–OECD ស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ និងជួបពិភាក្សាការងារជាមួយដៃគូអន្តរជាតិ នៅសាធារណរដ្ឋហ្វីលីពីន។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយអ្នកជំនាញការច្បាប់ចំនួន ៣រូប នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំលើកទី១១ នៃបណ្ដាញអាស៊ាន–អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ (11th Meeting of the ASEAN–OECD Good Regulatory Practice Network – GRPN) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ បេសកកម្មនេះត្រូវបានបញ្ចប់ បន្ទាប់ពីគណៈប្រតិភូបានចូលរួមកិច្ចប្រជុំ និងជួបពិភាក្សាការងារទ្វេភាគីជាមួយដៃគូអន្តរជាតិ។ ក្នុងបេសកកម្មនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិកនៃក្រុមប្រឹក្សាផងដែរ។
កិច្ចប្រជុំលើកទី១១ នេះ បានប្រព្រឹត្តទៅក្រោមមូលបទ «ពីភាពស្មុគស្មាញទៅរកភាពច្បាស់លាស់៖ រួមគ្នាជំរុញការធ្វើសាមញ្ញកម្ម» (Complexity to Clarity: Advancing Simplification Together) ក្នុងគោលបំណងផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍រវាងបណ្ដាប្រទេសអាស៊ាន និង OECD ពាក់ព័ន្ធនឹងការកែលម្អគុណភាពបទប្បញ្ញត្តិ ការកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ ការធ្វើសាមញ្ញកម្មនីតិវិធីរដ្ឋបាល និងការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីពី «ការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលទាំងមូលនៅកម្ពុជា» (Whole-of-Government Legal Reform in Cambodia) ក្នុងវគ្គទី២ ស្តីពី «ការសម្របសម្រួលសកម្មភាពរបស់រដ្ឋាភិបាលដើម្បីការកែទម្រង់៖ សកម្មភាពរួមគ្នាសម្រាប់ការកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ និងការធ្វើសាមញ្ញកម្ម»។ បទឧទ្ទេសនាមនេះបានបង្ហាញអំពីប្រវត្តិ និងវឌ្ឍនភាពនៃការកែទម្រង់ច្បាប់នៅកម្ពុជា តួនាទី និងបេសកកម្មរបស់ គ.ក.ច. យន្តការសម្របសម្រួលការងារកែទម្រង់ច្បាប់រវាងក្រសួង ស្ថាប័ន ព្រមទាំងអាទិភាពនៃការកែលម្អគុណភាពច្បាប់ និងបទប្បញ្ញត្តិ។ ឯកឧត្តមក៏បានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ និងនីតិវិធីរដ្ឋបាលសម្រាប់ធុរកិច្ច ជាពិសេសតាមរយៈការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (Small and Medium Enterprise Coordination Unit – SME-CU) ដើម្បីជួយសម្រួលដល់ការប្រកបធុរកិច្ច និងកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា។
ក្រៅពីការចូលរួមកិច្ចប្រជុំ និងការធ្វើបទឧទ្ទេសនាម ឯកឧត្តម លី ច័ន្ទតុលា បានអញ្ជើញដឹកនាំអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ជួបពិភាក្សាការងារទ្វេភាគីជាមួយស្ថាប័ន និងដៃគូអន្តរជាតិចំនួន ៣ ដូចខាងក្រោម៖
១. អាជ្ញាធរកាត់បន្ថយនីតិវិធីរដ្ឋបាលស្មុគស្មាញនៃសាធារណរដ្ឋហ្វីលីពីន (Anti-Red Tape Authority – ARTA) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ កិច្ចពិភាក្សាបានផ្តោតលើការផ្លាស់ប្តូរបទពិសោធក្នុងការកែទម្រង់បទប្បញ្ញត្តិ ការកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តបទប្បញ្ញត្តិល្អ ព្រមទាំងការស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសរវាង គ.ក.ច. និង ARTA។
២. លេខាធិការដ្ឋាននៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD Secretariat) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ កិច្ចជំនួបនេះបានប្រព្រឹត្តទៅជាមួយគណៈប្រតិភូ OECD ដឹកនាំដោយលោក Daniel Trnka ប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីអាគ្នេយ៍ និងជាប្រធានផ្នែករចនា និងប្រសិទ្ធភាពបទប្បញ្ញត្តិ នៃអង្គភាពគោលនយោបាយបទប្បញ្ញត្តិរបស់ OECD រួមជាមួយអ្នកវិភាគគោលនយោបាយចំនួន ៣រូប។ ភាគីទាំងពីរបានពិភាក្សាអំពីការកែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ ការលើកកម្ពស់គុណភាពបទប្បញ្ញត្តិ ការកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ និងឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរចំណេះដឹង ការគាំទ្រផ្នែកបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន។
៣.កម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន–ចក្រភពអង់គ្លេស (ASEAN–UK Economic Integration Programme – EIP) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ កិច្ចពិភាក្សាបានប្រព្រឹត្តទៅជាមួយលោកស្រី Zoe Dayan ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកការកែទម្រង់បទប្បញ្ញត្តិ នៃបេសកកម្មចក្រភពអង់គ្លេសប្រចាំអាស៊ាន ដោយផ្តោតលើអាទិភាពនៃការកែទម្រង់បទប្បញ្ញត្តិនៅកម្ពុជា រួមមានការកែលម្អក្របខ័ណ្ឌវាយតម្លៃផលប៉ះពាល់បទប្បញ្ញត្តិ (RIA) ការរៀបចំគោលនយោបាយជាតិស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ (GRP) ការពិនិត្យឡើងវិញ និងការធ្វើសាមញ្ញកម្មបទប្បញ្ញត្តិដែលមានស្រាប់ ព្រមទាំងលទ្ធភាពអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបទប្បញ្ញត្តិតាមប្រព័ន្ធឌីជីថល។ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការគាំទ្រផ្នែកបច្ចេកទេស ការកសាងសមត្ថភាព និងការរៀបចំក្របខ័ណ្ឌការងារដោយឡែកសម្រាប់កម្ពុជា (Cambodia Workstream)។
ជារួម បេសកកម្មរបស់ឯកឧត្តម លី ច័ន្ទតុលា និងគណៈប្រតិភូកម្ពុជានៅសាធារណរដ្ឋហ្វីលីពីនត្រូវបានបញ្ចប់ ដោយគណៈប្រតិភូ គ.ក.ច. បានចូលរួមចែករំលែកបទពិសោធរបស់កម្ពុជាលើវេទិកាអន្តរជាតិ ព្រមទាំងបានស្វែងយល់ពីឧត្តមានុវត្តន៍ និងយន្តការកែទម្រង់បទប្បញ្ញត្តិរបស់បណ្ដាប្រទេសដៃគូ និងអង្គការអន្តរជាតិ។ កិច្ចពិភាក្សានានាបានផ្តល់ឱកាសសម្រាប់បន្តពង្រឹងទំនាក់ទំនង និងស្វែងរកកិច្ចសហប្រតិបត្តិការបច្ចេកទេសនាពេលខាងមុខ ដើម្បីរួមចំណែកគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម លី ច័ន្ទតុលា ក៏បានសម្តែងការថ្លែងអំណរគុណចំពោះស្ថាប័នរៀបចំកិច្ចប្រជុំ និងដៃគូអន្តរជាតិដែលបានផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងការពិភាក្សានានាក្នុងអំឡុងពេលបេសកកម្មនៅសាធារណរដ្ឋហ្វីលីពីន ៕


