ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល» ដោយមានអ្នកសារព័ត៌មាន និងមន្ត្រីផ្នែកព័ត៌មានប្រមាណ ៧០០នាក់ចូលរួម

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នាទីស្តីការក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល» ក្រោមកិច្ចសហការគាំទ្ររបស់ក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ (MSJ) ដោយមានការចូលរួមពីអ្នកសារព័ត៌មាន និងមន្ត្រីផ្នែកព័ត៌មានប្រមាណ ៧០០នាក់ ព្រមទាំងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធនានា។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ឱ្យយល់ដឹងកាន់តែច្បាស់អំពីព័ត៌មានក្លែងក្លាយ ក្នុងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងពង្រឹងជំនាញក្នុងការស្វែងរក ពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃភាពត្រឹមត្រូវនៃព័ត៌មាន មុននឹងផ្សព្វផ្សាយជាសាធារណៈ។

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ បានជម្រាបជូនអំពីគោលបំណងនៃការរៀបចំសិក្ខាសាលា ដោយផ្តោតលើការជំរុញឱ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងគោលការណ៍វិជ្ជាជីវៈ ព្រមទាំងបង្កើនការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងមានតុល្យភាព។ សិក្ខាសាលានេះក៏ជាវេទិកាសម្រាប់អ្នកសារព័ត៌មានចែករំលែកបទពិសោធន៍ បញ្ហាប្រឈមក្នុងការបំពេញការងារប្រចាំថ្ងៃ និងទទួលបានការណែនាំពីអ្នកជំនាញ ដើម្បីរួមចំណែកទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

មានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តម នេត្រ ភក្ត្រា បានចាត់ទុកសិក្ខាសាលានេះថា មានសារៈសំខាន់ជាពិសេស ព្រោះពាក់ព័ន្ធដោយផ្ទាល់នឹងគុណភាពសារព័ត៌មាន កិត្តិយសរបស់អ្នកសារព័ត៌មាន សិទ្ធិរបស់ប្រជាពលរដ្ឋ និងទំនុកចិត្តសាធារណៈ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការជួបជុំនេះមិនមែនដើម្បីពិភាក្សាតែអំពីអ្វីដែលអ្នកសារព័ត៌មានអាចធ្វើបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើអ្វីដែលអ្នកសារព័ត៌មានគួរធ្វើ អ្វីដែលត្រូវប្រុងប្រយ័ត្ន និងរបៀបអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានត្រូវផ្តល់អាទិភាពដល់ភាពត្រឹមត្រូវ និងភាពជឿទុកចិត្ត មិនត្រូវបោះបង់គោលការណ៍វិជ្ជាជីវៈដើម្បីប្រជែងល្បឿន ឬទាក់ទាញការចាប់អារម្មណ៍នោះឡើយ។ មុននឹងផ្សព្វផ្សាយព័ត៌មាន អ្នកសារព័ត៌មានត្រូវពិនិត្យផ្ទៀងផ្ទាត់ប្រភព និងអង្គហេតុឱ្យបានច្បាស់លាស់ ព្រមទាំងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ យុត្តិធម៌ តុល្យភាព និងការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូររបស់បុគ្គល។

ពាក់ព័ន្ធនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ឯកឧត្តមបានណែនាំឱ្យអ្នកសារព័ត៌មានប្រើប្រាស់បច្ចេកវិទ្យាដោយការប្រុងប្រយ័ត្ន ជាពិសេសត្រូវផ្ទៀងផ្ទាត់រូបភាព សំឡេង និងវីដេអូ ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលត្រូវបានកែច្នៃបំភាន់ការពិត។ ទន្ទឹមនឹងនេះ អ្នកសារព័ត៌មានត្រូវយល់ដឹង និងគោរពច្បាប់ពាក់ព័ន្ធ ព្រមទាំងកែតម្រូវកំហុសដោយតម្លាភាព ប្រសិនបើរកឃើញថាមានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីសារៈសំខាន់នៃការរក្សាឯករាជ្យភាពវិជ្ជាជីវៈ និងការមិនប្រើប្រាស់តួនាទីជាអ្នកសារព័ត៌មានដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដែលជាកត្តាសំខាន់ក្នុងការថែរក្សាកិត្តិយសវិជ្ជាជីវៈ និងទំនុកចិត្តរបស់សាធារណជន។

សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងមន្ត្រីសាលារាជធានីភ្នំពេញ ព្រមទាំងមន្ត្រីជំនាញពីក្រសួងព័ត៌មាន ដែលបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍។ វេទិកានេះក៏មានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហការរវាងអ្នកសារព័ត៌មាន ស្ថាប័នរដ្ឋ និងក្រសួងពាក់ព័ន្ធ ដើម្បីជំរុញការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ដោយគោរពឯករាជ្យភាព និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។

ជារួម សិក្ខាសាលានេះរយៈពេល ២ថ្ងៃនេះ ជាវេទិកាសម្រាប់ពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល សំដៅលើកកម្ពស់គុណភាពព័ត៌មាន កាត់បន្ថយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងថែរក្សាទំនុកចិត្តរបស់សាធារណជន។ ការប្រកាន់ខ្ជាប់នូវគោលការណ៍ «សេរីភាពភ្ជាប់ជាមួយការទទួលខុសត្រូវ» គឺជាមូលដ្ឋានសំខាន់ក្នុងការធានាថា ព័ត៌មានដែលផ្សព្វផ្សាយទៅកាន់សាធារណជនមានភាពត្រឹមត្រូវ គួរឱ្យជឿទុកចិត្ត និងផ្តល់ប្រយោជន៍ដល់សង្គម៕