ប្រជាជនអ៊ីស្រាអែលនឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅថ្ងៃទី២៧ខែតុលានេះ! ខណៈលោក Benjamin Netanyahu កំពុងប្រឈមនឹងបញ្ហាសង្រ្គាមមិនស្រាកស្រាន្តក្រោយដឹកនាំប្រទេស៣អាណត្តិ

ប្រជាជនអ៊ីស្រាអែលនឹងទៅបោះឆ្នោតជាថ្មីនៅថ្ងៃទី២៧ ខែតុលានេះ ដែលវាជាការបោះឆ្នោតមួយដែលត្រូវបានគេមើលឃើញថា ជាការធ្វើប្រជាមតិលើការដឹកនាំរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Benjamin Netanyahu ចំពោះហេតុការណ៍ធ្លាប់បានវាយប្រហារដ៏សាហាវបំផុតលើអ៊ីស្រាអែល ចាប់តាំងពីការបង្កើតប្រទេសនេះមក រួមទាំងសង្គ្រាមរយៈពេល ៣ ឆ្នាំដែលបានកើតឡើងនៅហ្កាហ្សាបន្ទាប់ពីនោះដែរ។ លោក Netanyahu គឺជាមេដឹកនាំដែលកាន់តំណែងជានាយករដ្ឋមន្ត្រីយូរជាងគេបំផុតនៅក្នុងប្រទេសអ៊ីស្រាអែល ដោយបានកាន់អំណាចអស់រយៈពេលជាង១៨ឆ្នាំ ក្នុងអាណត្តិដាច់ដោយឡែកពីគ្នាចំនួន ៣ លើករួចមកហើយ។ ប្រទេសអ៊ីស្រាអែលមិនមានការកំណត់អាណត្តិសម្រាប់តំណែងនេះទេ។ គូប្រជែងរបស់លោក Netanyahu ពេលនេះកំពុងអំពាវនាវដល់អ្នកបោះឆ្នោត សូមកុំឱ្យផ្តល់ឱកាសជាថ្មីឱ្យលោកកាន់តំណែងជានាយករដ្ឋមន្ត្រីម្តងទៀតថ្វី ដោយពួកគេលើកហេតុផលថា ការបរាជ័យរបស់លោក Netanyahu បាននាំឱ្យមានការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ហើយពួកគេថា៖ លោក Netanyahu បានគេចវេះពីការទទួលខុសត្រូវនោះ។ ប្រសិនបើទទួលបានជ័យជម្នះ វានឹងក្លាយជាការវិលត្រឡប់ដ៏គួរឱ្យកត់សម្គាល់សម្រាប់មេដឹកនាំរូបនេះដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ខណៈដែលការបរាជ័យអាចនឹងបញ្ចប់អាណត្តិដឹកនាំរបស់បុគ្គលម្នាក់ ដោយបានកំណត់ទម្រង់នយោបាយអ៊ីស្រាអែលអស់រយៈពេល ៣ទសវត្សរ៍មកហើយ។ សូមរំលឹកថាកាលពីថ្ងៃអាទិត្យនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានប្រកាសគាំទ្រលោក Netanyahu ដែលកំពុងជួបការលំបាក ក្នុងដំណាក់កាលចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត។ ការគាំទ្រនេះគឺជាកត្តាដ៏សំខាន់មួយដោយសារតែប្រជាប្រិយភាពរបស់លោក Trump ក្នុងនាមជាប្រទេសមហាអំណាចពិភពលោក ប៉ុន្តែលោក Trump ក៏បានពន្យារពេលមិនទាន់បង្ហាញចេញនូវការគាំទ្រនេះអស់រយៈពេលជាច្រើនខែមកដែរ ខណៈដែលការបោះឆ្នោតនៅក្នុងប្រទេសអ៊ីស្រាអែលកាន់តែខិតជិតមកដល់ ហើយយុទ្ធសាស្ត្ររបស់មេដឹកនាំទាំងពីរចំពោះការធ្វើសង្រ្គាមលើតំបន់មជ្ឈិមបូព៌ាមានភាពខុសគ្នា។ នៅក្នុងសារមួយនៅលើបណ្តាញសង្គមទំនាក់ទំនងរបស់ លោក Trump កន្លងទៅលោកធ្លាប់បានលើកឡើងថា៖ លោក Netanyahu គឺជាមេដឹកនាំដ៏អស្ចារ្យម្នាក់ក្នុងសមរភូមិ និងជាដៃគូដ៏ល្អប្រសើរបំផុត ហើយជាងនេះទៅទៀតសម្រាប់សន្តិភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់តែម្តង។ លោក Trump ធ្លាប់បានប្រកាសគាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតកន្លងមក ហើយកាលពីខែវិច្ឆិកាលោក Trump ក៏បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ដោយស្នើសុំឱ្យលើកលែងទោសដល់លោក Netanyahu ចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយផងដែរ។ លោក Trump និងលោក Netanyahu ធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងគ្នា ហើយហាក់ដូចជាមានទស្សនៈស្របគ្នាខ្លាំងជាងពេលណាៗទាំងអស់ បន្ទាប់ពីប្រតិបត្តិការរួមគ្នាវាយប្រហារទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងឆ្នាំ២០២៥។ ប៉ុន្តែអំឡុងពេលនៃសង្គ្រាមជាមួយអ៊ីរ៉ង់ដែលអូសបន្លាយជិត៨ខែនៅក្នុងឆ្នាំ២០២៦នេះ ពួកគេបានជួបប្រទះនឹងការខ្វែងគំនិតគ្នាក៏ច្រើនដែរ ដែលជាហេតុធ្វើឱ្យលោក Trump មិនទាន់បង្ហាញនូវការគាំទ្រណាមួយ៕

សម្រួលអត្ថបទ៖ សុផារិន្ទ