ជំនួបបណ្តាញទំនាក់ទំនងធុរកិច្ច៖ ផ្សារភ្ជាប់រសជាតិអាហារខ្មែរ ទៅនឹងឱកាសទីផ្សារនៅប្រទេសបារាំង និងអឺរ៉ុប
ទីក្រុងប៉ារីស៖ ការផ្សារភ្ជាប់សហគ្រិនកម្ពុជាជាមួយដៃគូពាណិជ្ជកម្មបារាំង និងអឺរ៉ុប តាមរយៈការជួបសន្ទនាដោយផ្ទាល់ និងការផ្សព្វផ្សាយផលិតផលជាតិ គឺជាចំណុចស្នូលនៃជំនួបបណ្តាញទំនាក់ទំនងធុរកិច្ច នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ក្នុងឱកាសនៃពិព័រណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris 2026។
ក្រោមគំនិតថា «អាហារ គឺជាភាសាសកល» ដែលភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិ និងប្រជាជាតិ ព្រមទាំងឆ្លុះបញ្ចាំងពីប្រភពដើម ការខិតខំរបស់កសិករ ភាពច្នៃប្រឌិត និងភាពសម្បូរបែបនៃអត្តសញ្ញាណវប្បធម៌ខ្មែរ កម្មវិធីដ៏មានសារសំខាន់នេះត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម
សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង, សមាជិកព្រឹទ្ធសភា និងរដ្ឋសភាបារាំង ព្រមទាំងតំណាងស្ថាប័ន និងធុរជនមកពីកម្ពុជា បារាំង និងសហភាពអឺរ៉ុបប្រមាណ ១៥០ នាក់។ ជំនួបនេះ មានគោលបំណងបង្កើតឱកាសពង្រីកទីផ្សារនាំចេញកសិផលសក្តានុពលខ្មែរ ជាពិសេសអង្ករ និងកសិផលផ្សេងៗ ព្រមទាំងកសាងភាពជាដៃគូរយៈពេលវែងរវាងវិស័យឯកជនកម្ពុជា និងទីផ្សារអន្តរជាតិ។
នៅក្នុងពិព័រណ៍ SIAL Paris 2026 ពន្លាជាតិកម្ពុជាក្រោមប្រធានបទ «Cambodia: Basket of Wonders» បានប្រមូលផ្តុំសហគ្រាសចំនួន ១៦ ដោយនាំយកកសិផលកែច្នៃដូចជា គ្រាប់ស្វាយចន្ទី ផ្លែឈើសម្ងួត ម្រេច និងគ្រឿងទេសមកបង្ហាញ។ ទន្ទឹមនឹងនេះ សហព័ន្ធស្រូវអង្ករកម្ពុជាក៏បាននាំ
ក្រុមហ៊ុននាំចេញអង្ករចំនួន ១២ ចូលរួមផ្សព្វផ្សាយអង្ករខ្មែរផងដែរ។
ថ្លែងក្នុងឱកាសជំនួបនោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការចូលរួមក្នុងពិព័រណ៍ SIAL Paris គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញ និងធ្វើ
ពិពិធកម្មការនាំចេញ ពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសខ្មែរ និងលើកកម្ពស់តម្លៃបន្ថែមនៃ
វិស័យកសិ-ឧស្សាហកម្មម្ហូបអាហារ។ លោកជំទាវបានបន្ថែមថា វេទិកាអន្តរជាតិដ៏ធំនេះ ផ្តល់នូវ
ការយល់ដឹងស៊ីជម្រៅអំពីបទដ្ឋានអន្តរជាតិ ការវេចខ្ចប់ទំនើប ការបញ្ជាក់វិញ្ញាបនបត្រ និងប្រព័ន្ធ
តាមដានប្រភពដើម ដែលជួយឱ្យក្រុមហ៊ុនកម្ពុជាអាចធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវ៉ាក់តម្លៃសកលបានយ៉ាងរលូន។ លោកជំទាវក៏បានលើកឡើងផងដែរថា ម្រេចកំពត ជាផលិតផលកម្ពុជាដំបូងគេដែលទទួលបានការការពារម៉ាកសម្គាល់ភូមិសាស្ត្រ (GI) នៅក្នុងសហភាពអឺរ៉ុប ហើយកម្ពុជាមានគោលដៅជំរុញផលិតផលសក្តានុពលជាច្រើនទៀតឱ្យដើរតាមគន្លងនេះ។
ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ដែងនូវមោទនភាពចំពោះកសិផលខ្មែរ ដែលផលិតឡើងដោយផ្សារភ្ជាប់ចំណេះដឹងប្រពៃណី និងបទដ្ឋានសុវត្ថិភាពអន្តរជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «សន្តិសុខស្បៀងគឺជារឿងមួយ ប៉ុន្តែ
សុវត្ថិភាពចំណីអាហារសម្រាប់មនុស្សគ្រប់គ្នា ក៏ជារឿងសំខាន់ផងដែរ»។ ចំពោះការជម្នះរបាំង
ពាណិជ្ជកម្ម និងការប្រកួតប្រជែងមិនស្មោះត្រង់ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាកំពុងអនុវត្តយុទ្ធសាស្ត្រជាជំហានៗ ដោយដំបូងត្រូវធ្វើឱ្យពិភពលោកស្គាល់ផលិតផលខ្មែរ រួចបន្តធ្វើឱ្យស្គាល់ម៉ាកយីហោខ្មែរ ដើម្បីឱ្យកសិផលកម្ពុជាអាចឈរជើងលើទីផ្សារអន្តរជាតិ ក្រោមម៉ាកសញ្ញារបស់ខ្លួនផ្ទាល់។
ដោយឡែក ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានគូសបញ្ជាក់ពីសារសំខាន់នៃគុណភាព និងការគោរពស្តង់ដារអន្តរជាតិ ដើម្បីឱ្យពាណិជ្ជកម្មផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអ្នកផលិត សហគមន៍ជនបទ និងអ្នកប្រើប្រាស់។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកំពុងខិតខំប្រែក្លាយកម្ពុជាឱ្យទៅជាប្រភពផ្គត់ផ្គង់សកលដ៏គួរឱ្យទុកចិត្ត មាន
ស្ថិរភាព និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់។ លើសពីនេះ ឯកឧត្តមបានលើកឡើងពីតួនាទីយ៉ាងសំខាន់របស់សហគមន៍ខ្មែរនៅប្រទេសបារាំង ក្នុងការចូលរួមគាំទ្រផលិតផលជាតិ និងអត្តសញ្ញាណ
វប្បធម៌ខ្មែរ ដើម្បីពង្រឹងជំហររបស់កម្ពុជាក្នុងសេដ្ឋកិច្ចសកល និងនាំមកនូវវិបុលភាពយូរអង្វែងសម្រាប់ប្រជាពលរដ្ឋខ្មែរ។
ក្នុងឱកាសពិសេសនោះ ក៏មានការសម្ពោធសៀវភៅម្ហូបអាហារ «GI Journey : Flavors of Cambodia’s Culinary» ដែលរៀបចំឡើងដើម្បីឧទ្ទិសដល់មរតកម្ហូបអាហារខ្មែរ និងផលិតផលសម្គាល់ភូមិសាស្ត្រ (GI) របស់កម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពកសិផល និងម្ហូបអាហារខ្មែរនៅលើឆាកអន្តរជាតិ ព្រមទាំងជាជំហានដ៏រឹងមាំមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងសមធម៌ សម្រាប់សង្គមជាតិកម្ពុជា៕


