ឯកឧត្តម ហែម ក្រាញ់ តូនី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតតែងកំណាព្យ ដើម្បីថែរក្សាការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម
នា ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ — ឯកឧត្តម ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានស្តីទីរដ្ឋបាលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតតែងកំណាព្យ ស្ដីពីការរក្សាការចងចាំប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់មាតុភូមិកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដោយមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក. (ម.ត.ឯ.ច.)។
កម្មវិធីនេះមានគោលបំណងបំផុស និងលើកទឹកចិត្តដល់សិស្ស-និស្សិត និងគរុសិស្ស ដែលកំពុងសិក្សានៅតាមវិទ្យាល័យ សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំនានាទូទាំងប្រទេស ឱ្យចូលរួមសិក្សា ស្រាវជ្រាវ និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ផលប៉ះពាល់នៃរបបកម្ពុជាប្រជាធិបតេយ្យ ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ព្រមទាំងសមិទ្ធផល និងកេរដំណែលនៃ អ.វ.ត.ក.។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ហែម ក្រាញ់ តូនី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាការចងចាំប្រវត្តិសាស្ត្រ និងការចូលរួមរបស់យុវជនជំនាន់ក្រោយក្នុងការសិក្សាស្វែងយល់ពីអតីតកាល។ ឯកឧត្តមបញ្ជាក់ថា៖ «ការចងចាំប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជាការរំលឹកអំពីអតីតកាលដ៏ឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែជាការរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ ដើម្បីឱ្យយើងយល់កាន់តែច្បាស់អំពីតម្លៃនៃសន្តិភាព យុត្តិធម៌ និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស។ យុវជនជំនាន់ក្រោយមានតួនាទីសំខាន់ក្នុងការបន្តថែរក្សាការចងចាំនេះ និងចែករំលែកចំណេះដឹងទៅកាន់មនុស្សជំនាន់បន្ទាប់ ដើម្បីកុំឱ្យសោកនាដកម្មបែបនេះកើតឡើងសារជាថ្មី»។
ឯកឧត្តមបន្ថែមថា ការតែងកំណាព្យជាមធ្យោបាយមួយដ៏មានអត្ថន័យក្នុងការបង្ហាញពីការយល់ដឹង អារម្មណ៍ និងការឆ្លុះបញ្ចាំងរបស់យុវជនចំពោះប្រវត្តិសាស្ត្រជាតិ។ តាមរយៈការប្រើប្រាស់សិល្បៈអក្សរសាស្ត្រ សិស្ស-និស្សិតអាចចូលរួមផ្សព្វផ្សាយចំណេះដឹងប្រវត្តិសាស្ត្រ និងបន្តបណ្ដុះស្មារតីទទួលខុសត្រូវចំពោះសង្គម និងប្រទេសជាតិ។
ការប្រកួតតែងកំណាព្យនេះក៏មានគោលបំណងលើកស្ទួយវិស័យអក្សរសាស្ត្រខ្មែរផ្នែកតែងនិពន្ធកំណាព្យ ព្រមទាំងជំរុញឱ្យយុវជនដែលមិនបានឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យដោយផ្ទាល់ មានឱកាសសិក្សាស្រាវជ្រាវ និងយល់ដឹងកាន់តែច្បាស់អំពីបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
សម្រាប់ការប្រកួតប្រជែងឆ្នាំ២០២៦នេះ បេក្ខជនចំនួន៥រូបនឹងទទួលបានជ័យលាភី និងប្រាក់រង្វាន់តាមលំដាប់ថ្នាក់ រួមមាន៖
ជ័យលាភីលេខ១៖ គង់ សម្ភស្ស ទទួលបានប្រាក់រង្វាន់ចំនួន ២.០០០.០០០ រៀល និងពានរង្វាន់មួយ។
ជ័យលាភីលេខ២៖ សេង លីហ័រ ទទួលបានប្រាក់រង្វាន់ចំនួន ១.៥០០.០០០ រៀល និងពានរង្វាន់មួយ។
ជ័យលាភីលេខ៣៖ ឯក ខន ទទួលបានប្រាក់រង្វាន់ចំនួន ១.០០០.០០០ រៀល និងពានរង្វាន់មួយ។
ជ័យលាភីលេខ៤ និងលេខ៥៖ នី ប្រហុីម និង នីម នីបូណា ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៥០០.០០០ រៀលក្នុងម្នាក់ៗ។
ជាមួយគ្នានេះ ស្នាដៃកំណាព្យទាំងអស់ដែលបានដាក់ចូលរួមប្រកួត នឹងត្រូវយកទៅបោះពុម្ពផ្សព្វផ្សាយ ដើម្បីចែករំលែកស្នាដៃនិពន្ធរបស់យុវជន និងបង្កើនឱកាសឱ្យសាធារណជនបានសិក្សា ស្វែងយល់ និងពិចារណាអំពីប្រវត្តិសាស្ត្រខ្មែរក្រហមតាមរយៈអក្សរសិល្ប៍ និងជំរុញឱ្យយុវជនជំនាន់ក្រោយបន្តសិក្សាពីអតីតកាល ដើម្បីយកមេរៀនប្រវត្តិសាស្ត្រជាមូលដ្ឋានក្នុងការការពារសន្តិភាព លើកកម្ពស់យុត្តិធម៌ និងកសាងសង្គមមួយដែលមិនអនុញ្ញាតឱ្យសោកនាដកម្មបែបនេះកើតឡើងសារជាថ្មី។


