លោក Donald Trump លើកឡើងថា «ដល់ពេលហើយ» ដែលអ៊ុយក្រែនត្រូវយល់ព្រមលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី!  អាម៉េរិកបានផ្តល់ជំនួយជាច្រើន ប៉ុន្តែយើងមិនទទួលបានអ្វីទាំងអស់

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក Donald Trump បានបន្តបង្កើនសម្ពាធលើប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ឱ្យឈានដល់កិច្ចព្រមព្រៀងជាមួយភាគីរុស្ស៊ីដែលជាអ្នកឈ្លានពាន បន្ទាប់ពីទំនាក់ទំនងរវាងបុគ្គលទាំងពីរបានធ្លាក់ចុះដុនដាបជាថ្មី។ លោក Trump បានប្រាប់អ្នកសារព័ត៌មានពីក្នុងការិយាល័យ Oval Office របស់លោកថា៖ យើងចង់ឱ្យលោក Zelenskyy សម្រេចចិត្តលើកិច្ចព្រមព្រៀងមួយ។ យើងបានផ្តល់ជំនួយជាច្រើនដល់អ៊ុយក្រែន ប៉ុន្តែយើងមិនទទួលបានអ្វីតបស្នងពីពួកគេមកវិញសោះ ក្រៅពីទុក្ខវេទនា សេចក្តីស្លាប់ និងការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ លោកបានបន្ថែមថា៖ ប្រសិនបើមិនមានកិច្ចព្រមព្រៀងបែបនេះទេ «ខ្ញុំគិតថាវានឹងក្លាយជារឿងអាក្រក់បំផុត»។ លោកក៏បានអះអាងដែរថា បណ្តាប្រទេសនៅអឺរ៉ុបកំពុងចាប់ផ្តើមធុញទ្រាន់នឹងជម្លោះរបស់ពួកគេហើយ ទោះបីជាប្រទេសទាំងនោះបានព្យាយាមបំពេញបន្ថែមនូវអ្វីដែលសហរដ្ឋអាមេរិកបានកាត់បន្ថយក្នុងការផ្តល់ជំនួយក៏ដោយ។ លើសពីនេះដែរ លោក Trump ក៏បានឱ្យដឹងទៀតថា លោកបានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin អំពីករណីលោក Stephen Hubbard ដែលជាជនជាតិអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទចូលរួមប្រយុទ្ធក្នុងនាមជាទាហានស៊ីឈ្នួលនៅអ៊ុយក្រែននោះ។ នៅពេលដែលអ្នកព័ត៌មានសួរសំណួរអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងដើម្បីដោះលែងលោក Hubbard (អ្នកដែលត្រូវបានតុលាការរុស្ស៊ីកាត់ទោសឱ្យជាប់ពន្ធនាគារជិត៧ឆ្នាំ កាលពីឆ្នាំ២០២៤មក) ស្រាប់តែលោក Trump បាននិយាយថា៖ រង់ចាំមើលទៅ… ខ្ញុំមិនចង់និយាយលម្អិតអំពីបញ្ហានេះទេ»។ លោកបានបញ្ជាក់ថា រដ្ឋបាលរបស់លោកកំពុង «ផ្តោតការយកចិត្តទុកដាក់» លើករណីលោក Hubbard ហើយលោកបានបន្ថែមថា «ដល់ពេលហើយដែលត្រូវនាំលោក Hubbard ត្រឡប់មកវិញ»៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ