គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ ដោយបន្តជំរុញកិច្ចអន្តរាគមន៍ការពារស្ត្រី និងកុមារងាយរងគ្រោះក្នុងសហគមន៍ឱ្យកាន់តែមានមប្រសិទ្ធភាព
កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់គណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តព្រះសីហនុ អាណត្តិទី៤ ដ៏មានសារៈសំខាន់នេះ ដឹកនាំដោយលោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា គ.ក.ស.ក ខេត្ត ជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានឆ្លង និងពិនិត្យលើរបៀបវារៈសំខាន់ៗជាច្រើន ដោតផ្តាតទៅលើការតាមដានពីស្ថានភាពបញ្ហាប្រឈម ដំណោះស្រាយឆ្លើយតប និងសំណូមពរដែលពាក់ព័ន្ធនឹងបញ្ហារបស់ស្ត្រី និងកុមារ តាមមតិយោបល់អង្គការដៃគូ និងនៅតាមក្រុង ស្រុក។
គ.ក.ស.ក ខេត្តព្រះសីហនុ បានសំណូមពរដល់សម្ថកិច្ច ថ្នាក់ដឹកនាំ អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ មេត្តាពិនិត្យរាល់មានបញ្ហាប្រឈមនានា ស្វែងរកដំណោះស្រាយសមស្រប ដាក់ចេញនូវអនុសាសន៍ និងជួយសម្រប សម្រួលការងារ តួនាទី ភារកិច្ចរបស់អ្នកពាក់ព័ន្ធ ការងារសេវាសង្គម ធ្វើរបាយការណ៍វឌ្ឍនភាពគ្រប់ករណីទាំងអស់ មកអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយដល់កុមារ ជនរងគ្រោះ យុវជន និងគ្រួសារ ដែលជាមុខសញ្ញារបស់យើងនៅក្នុងសហគមន៍ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះដែរ គ.ក.ស.ក ខេត្ត បានដាក់
ផែនការសកម្មភាពអនុវត្តបន្តដូចជា៖ ចុះផ្សព្វផ្សាយអប់រំអំពីសុខភាព និងអនាម័យ ការការពារជំងឺឆ្លង និងជំងឺមិនឆ្លង ដល់ពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ និងការរៀបចំបើកកិច្ចពិភាក្សាឡើងវិញ អំពីតួនាទី ភារកិច្ច គ.ក.ស.ក ក្រុង ស្រុក និងការអនុវត្តសកម្មភាពសេវាសង្គម ឃុំ សង្កាត់ នៅស្រុកព្រៃនប់។
លោកជំទាវប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរចំពោះការលះបង់ពេលវេលាដ៏មានតម្លៃ លោក លោកស្រី សមាជិក សមាជិកា គ.ក.ស.ក ខេត្ត មន្ត្រីអង្គភាពជុំវិញខេត្ត គ.ក.ស.ក ក្រុង ស្រុក និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមក្នុងការផ្តល់ជាមតិយោបល់ល្អៗក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ ជាមួយគ្នានឹងការលើកឡើងអំពីលទ្ធផលការងារ និងបញ្ហាប្រឈម ក្នុងកិច្ចប្រជុំដើម្បីពិភាក្សារកដំណោះស្រាយបានយ៉ាងល្អប្រសើរ។
អត្ថបទ៖ម៉ារ៉ាឌី
រូបភាៈ៖ជោត


