ភ្លៀងធ្លាក់ខ្លាំងភ្លាមៗបង្កជាទឹកជំនន់លិចលំនៅឋាន និងផ្លូវថ្នល់នៅភាគខាងជើងប្រទេសប៉េរូ សង្ស័យជាប់ពាក់ព័ន្ធនឹងបាតុភូតអាកាសធាតុ El Niño (អ៊ែលនីញ៉ូ)

ភ្លៀងធ្លាក់ខ្លាំងរយៈពេល២ម៉ោងបានបង្កជាទឹកជំនន់លិចផ្លូវថ្នល់ និងពន្លិចលំនៅឋាននានានៅក្នុងទីក្រុង Piura ភាគខាងជើងប្រទេសប៉េរូ កាលពីថ្ងៃអង្គារនេះ ដោយសារតែប្រព័ន្ធបង្ហូរទឹកត្រូវស្ទះ ដែលធ្វើឱ្យទឹកមិនអាចហូរចេញទាន់ពេលបាន។ លើសពីនេះ ដើមឈើ និងបង្គោលភ្លើងដែលដួលរលំ ក៏បានបង្កឱ្យមានការរំខានកាន់តែខ្លាំងថែមទៀត។ ប្រជាពលរដ្ឋបានដើរឆ្លងកាត់ផ្លូវលិចទឹកដោយប្រុងប្រយ័ត្ន ដោយអ្នកខ្លះបានកាន់ស្បែកជើងរបស់ពួកគេដើម្បីកុំឱ្យសើម ខណៈអ្នកខ្លះទៀតជួបការលំបាកក្នុងការដើរឆ្លងកាត់ទឹកជំនន់។ ទឹកក៏បានហូរចូលទៅក្នុងផ្ទះសម្បែងប្រជាពលរដ្ឋផងដែរ ដែលជំរុញឱ្យប្រជាពលរដ្ឋស្នើសុំជំនួយពីអាជ្ញាធរដើម្បីបូមទឹកចេញ។ អ្នកស្រី Bethy Juarez បាននិយាយថា៖ ភ្លៀងនេះបានធ្លាក់មកភ្លាមៗ ដោយពួកគេមិនបានដឹងខ្លួន (គ្មានការជូនដំណឹងជាមុន) ដែលធ្វើឱ្យឪពុកវ័យចំណាស់របស់គាត់រងការលំបាក ហើយផ្ទះរបស់គាត់តែងតែរងគ្រោះដោយទឹកជំនន់ជារៀងរាល់ឆ្នាំ។ គាត់បាននិយាយថា៖ ឪពុករបស់ខ្ញុំមានវ័យចាស់ហើយ គាត់រស់នៅទីនេះតែម្នាក់ឯង ហើយពួកយើងបានមកជួយគាត់ ព្រោះជារៀងរាល់ឆ្នាំនៅពេលដែលមានភ្លៀងធ្លាក់ ផ្ទះរបស់គាត់តែងតែលិចទឹកជានិច្ច។ អ្នកស្រី Alicia Sanchez បាននិយាយថា៖ គាត់បានឃើញបង្គោលភ្លើងចាប់ផ្តើមផ្អៀង មុនពេលមានផ្កាភ្លើងឆាបឆេះចេញមក ហើយបង្គោលភ្លើងចំនួន ៥ ដើមបានដួលរលំ។ ប្រជាពលរដ្ឋមានការព្រួយបារម្ភថា៖ ទឹកជំនន់នេះអាចជាសញ្ញានៃការចាប់ផ្តើមរដូវភ្លៀងធ្លាក់ ដែលជាប់ពាក់ព័ន្ធនឹងបាតុភូតអាកាសធាតុ El Niño (អ៊ែលនីញ៉ូ)។ ទីភ្នាក់ងារជាតិឧតុនិយម និងជលសាស្ត្ររបស់ប្រទេសប៉េរូ បានចេញសេចក្តីព្រមានអំពីលទ្ធភាពភ្លៀងធ្លាក់ខ្លាំងជាបន្តទៀត នៅតាមតំបន់ឆ្នេរភាគខាងជើង និងផ្នែកខ្លះនៃតំបន់ខ្ពង់រាបកណ្តាល និងភាគខាងត្បូងប្រទេស ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ