រុស្ស៊ីបានវាយប្រហារមជ្ឈមណ្ឌលភស្តុភាររបស់អ៊ុយក្រែន និង នាវាដឹកជញ្ជូនសម្ភារៈយោធារបស់ពួកគេ! ស្របពេលដែលអ៊ុយក្រែនក៏បានវាយបកប្រយុទ្ធវិញចំនួន២០៦លើក
រុស្ស៊ីបានប្រកាសថាកាលពីថ្ងៃអង្គារនេះថា៖ កងកម្លាំងរបស់ខ្លួនបានប្រើប្រាស់យន្តហោះដ្រូនវាយប្រហារទៅលើមជ្ឈមណ្ឌលភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់ប្រទេសអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានោះ អ៊ុយក្រែនបានឱ្យដឹងវិញថា៖ ខ្លួននៅតែបន្តវាយបកទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីនៅតាមសមរភូមិជាច្រើនដូចគ្នា។ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា៖ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងកម្លាំងរុស្ស៊ីបានវាយប្រហារលើនាវាដែលត្រូវបានប្រើប្រាស់សម្រាប់ដឹកជញ្ជូនសម្ភារយោធាទៅកាន់ប្រទេសអ៊ុយក្រែន។ ក្រសួងនេះក៏បានឱ្យដឹងបន្ថែមថា៖ កងកម្លាំងរុស្ស៊ីបានចូលកាន់កាប់តំបន់លំនៅឋានមួយស្ថិតនៅក្នុងតំបន់ Zaporizhzhia (ហ្សាប៉ូរីហ្ស៊ីយ៉ា)។ នៅថ្ងៃអង្គារដដែលនោះ ទីបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានរាយការណ៍ថា មានការប្រយុទ្ធគ្នាចំនួន ២០៦ លើកបានកើតឡើងនៅតាមខ្សែត្រៀមជួរមុខក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ ហើយអ៊ុយក្រែនបានវាយបកទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីនៅតាមសមរភូមិជាច្រើន។ លោក Kyrylo Budanov មន្ត្រីជាន់ខ្ពស់មកពីការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានបដិសេធលើការអះអាងដែលថាកងទ័ពរុស្ស៊ីបានចូលកាន់កាប់ទីក្រុង Dobropillia ក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន៕
សម្រួលអត្ថបទ៖ សុផារិន្ទ


