មន្ទីរកសិកម្មខេត្តមណ្ឌលគិរី ចែកពូជដំឡូងបារាំងជូនកសិករនៅក្រុងសែនមនោរម្យ ដើម្បីជំរុញការដាំដុះ និងបង្កើនប្រាក់ចំណូល
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំពិធីចែកពូជដំឡូងបារាំងជូនដល់បងប្អូនកសិករមកពីក្រុងសែនមនោរម្យ ដើម្បីយកទៅធ្វើការដាំដុះក្នុងរដូវកាលថ្មីនេះ ក្រោមវត្តមាន លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី។
លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានប្រសាសន៍លើកទឹកចិត្ត និងគូសបញ្ជាក់អំពីសារសំខាន់នៃដំណាំដំឡូងបារាំង ដែលជាដំណាំមានសក្ដានុពលខ្ពស់ និងទីផ្សារល្អ ស្របតាមអាកាសធាតុត្រជាក់សមស្របនៃខេត្តមណ្ឌលគិរី។ លោក បានបន្តថា ការផ្តល់ពូជដំឡូងបារាំងនាពេលនេះ គឺក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ និងលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករ ព្រមទាំងបង្កើនបរិមាណផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីបរទេស។ ជាមួយគ្នានេះដែរ លោក ប្រធានមន្ទីរកសិកម្ម ក៏បានផ្តាំផ្ញើ និងណែនាំដល់កសិករដែលទទួលបានពូជទាំងអស់ ឱ្យយកចិត្តទុកដាក់លើបច្ចេកទេសដាំដុះ ការថែទាំ ការរៀបចំដី និងការគ្រប់គ្រងសមាសភាពចង្រៃឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីទទួលបានទិន្នផលខ្ពស់ និងមានគុណភាពល្អឆ្លើយតបតាមតម្រូវការទីផ្សារ។
លោក ប្រធានមន្ទីរកសិកម្មខេត្ត ក៏បានផ្តល់ពូជដំឡូងបារាំង ដល់កសិករចំនួន ១០គ្រួសារ ស្មើ ៦០០ គីឡូក្រាម ដោយក្នុង១គ្រួសារ ទទួលបានពូជដំឡូងបារាំងចំនួន ៦០គីឡូក្រាម សម្រាប់យកទៅចាប់ផ្តើមបង្កបង្កើនផល។
កសិករ ដែលបានទទួលពូជដំឡូងបារាំង បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ជីវភាពរស់នៅរបស់កសិករក្នុងមូលដ្ឋានជាប្រចាំ៕


