ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិច របស់អង្គការសុខភាពពិភពលោក នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន

អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូនាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។

ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំលើកទី៧៧ កម្ពុជាបានចូលរួម និងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងសុខាភិបាលតំបន់ប៉ាស៊ីហ្វិកខាងលិច។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចពីសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជា បង្ហាញជូនកិច្ចប្រជុំលើកទី៧៧ រួមមាន៖

១) ការពង្រឹងការថែទាំសុខភាពបឋម

២) ការឃ្លាំមើលនិងស្រាវជ្រាវករណីជំងឺ (Diseases Surveillance)

៣) ការត្រៀមលក្ខណៈនិងឆ្លើយតបគ្រាអាសន្នសុខភាពសាធារណៈ

៤) នៅលើដំណើរផ្លូវទៅប្រកាសជាផ្លូវការអំពីការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា

៥)ការពង្រីកកម្មវិធីចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន

៦) ការសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នៃជំងឺអេដស៍។

ឯកឧត្តមនាយកប្រចាំតំបន់ក៏បានសម្តែងនូវការកោតសរសើរកម្ពុជាចំពោះលទ្ធផលរយៈពេល១ឆ្នាំកន្លងមករួមមានកម្មវិធីសំខាន់ៗដូចខាងក្រោម៖

១)  ការឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល (UHC) ជាក់ស្តែង ការគ្របដណ្តប់សេវាបានកើនដល់៦២% ធៀបនឹងគោលដៅ ៨០% នាឆ្នាំ២០៣៥។

២)  ដើម្បីចូលរួមដោះស្រាយការលំបាកផ្នែកថវិកា កម្ពុជាបានចូលរួមថវិកាក្នុងកម្មវិធីវិនិយោគ (InvestmentRound) របស់អង្គការសុខភាពពិភពលោក កាលពីឆ្នាំ ២០២៤ ចំនួន ៤០០ ០០០ ដុល្លាអាមេរិក។

៣)  ការពង្រឹង និងពង្រីកសមត្ថភាពធនធានមនុស្ស៖ កម្ពុជាបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្ស២០២៥-២០៣៤ ដែលបច្ចុប្បន្ន អត្រាមន្រ្តីសុខាភិបាលផ្តល់សេវាជូនប្រជាជន១០០០០នាក់ មានត្រឹម៣០នាក់ ដែលចំនួននេះនឹងត្រូវពង្រីកឱ្យដល់បទដ្ឋានអង្គការសុខភាពពិភពលោក

៤)  កម្ពុជា គឺជាប្រទេសទី១នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលបានសម្រេចគោលដៅ ៩៥-៩៥-៩៥ នៃជំងឺអេដស៍

៥) កំពុងឈានទៅប្រកាសលុបបំបាត់ជំងឺគ្រុនចាញ់ដោយអង្គការសុខភាពពិភពលោក ព្រោះចាប់តាំងពីឆ្នាំ២០១៨ មកគ្មានករណីស្លាប់ និងគ្មានករណីឆ្លងក្នុងប្រទេសនាឆ្នាំ២០២៥ តាមផែនការគ្រោងទុក។

៦) អង្គការសុខភាពពិភពលោកបានផ្តល់នូវជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ដល់ជនភៀសសឹកកម្ពុជាប្រមាណ៦៥០ ០០០នាក់ ដែលរងគ្រោះដោយជំលោះព្រំដែនកម្ពុជា-ថៃ

៧) កម្ពុជាបន្តពង្រឹងពង្រីកការអនុវត្តគោលនយោបាយសុខភាពសាធារណៈ

៨)  កម្ពុជាបន្តវិនិយោគបច្ចេកវិទ្យា ជាពិសេសឌីជីថលសុខាភិបាល និងបញ្ញាសិប្បនិមិ្មត (AI) ប្រកបដោយការទទួលខុសត្រូវ

៩) កម្ពុជាបន្តឈានទៅលុបបំបាត់ជំងឺឆ្លងតំបន់ត្រូពិក ដូចជា Schistosomiasis

១០) កម្ពុជាពង្រឹងពង្រីកការការពារនិងគ្រប់គ្រងជំងឺមិនឆ្លង ជាពិសេសជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម។

កិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោកនឹងអនុម័តដំណោះស្រាយមួយចំនួន៖

− គោលការណ៍ណែនាំសម្រាប់បញ្ញាសិប្បនិម្មិតប្រកដោយការទទួលខុសត្រូវក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច

− ផែនការសកម្មភាពពង្រឹងការគ្រប់គ្រងជំងឺលើសសម្ពាធឈាមក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច

− ផែនការតំបន់ដើម្បីបង្កើនវឌ្ឍនភាពការចាក់ថ្នាំបង្ការក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ២០២៦-២០៣០

− ពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅការត្រួតពិនិត្យថ្នាំជក់ ឆ្នាំ២០៣០ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។