ខេត្តរតនគិរី ៖ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកុមារជាតិ សហការជាមួយសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. និងក្រុមគ្រូពេទ្យខេត្តរតនគិរី នឹងបំពេញបេសកកម្មមនុស្សធម៌ ផ្តល់សេវាពិនិត្យ ព្យាបាល និងវះកាត់ជំងឺកុមារដោយឥតគិតថ្លៃ។
បេសកកម្មមនុស្សធម៌វះកាត់ជំងឺកុមារលើកទី១៨នេះ នឹងផ្តល់សេវាពិនិត្យ ព្យាបាល និងវះកាត់ជំងឺកុមារជាច្រើនប្រភេទ រួមមាន ក្លនលូន មាត់ឆែប ក្រអូមឆែប ប្រដាប់ភេទខុសប្រក្រតី ដុំពក ពិការភាពអវយវៈពីកំណើត ម្រាមដៃ ឬម្រាមជើងលើសខុសប្រក្រតី ព្រមទាំងជំងឺត្រចៀក ច្រមុះ បំពង់ក ធ្មេញ និងភ្នែក។
លោក អូន សាវុធ ប្រធានមន្ទីរពេទ្យខេត្តរតនគិរី បានប្រាប់កម្ពុជាថ្មីថា មន្ទីរពេទ្យបង្អែកខេត្តបានសហការជាមួយសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. និងក្រុមគ្រូពេទ្យខេត្តរតនគិរី ដើម្បីផ្តល់សេវាសុខាភិបាលដល់កុមារដែលត្រូវការការព្យាបាល។
លោកបញ្ជាក់ថា ការពិនិត្យជំងឺធ្វើឡើងនៅពេលព្រឹក ចាប់ពីម៉ោង៨:០០នាទី ដល់ម៉ោង១១:៣០នាទី និងនៅពេលរសៀល ចាប់ពីម៉ោង១៤:០០នាទី ដល់ម៉ោង១៧:០០នាទី។ ឪពុកម្តាយ ឬអាណាព្យាបាលដែលនាំកុមារមកទទួលសេវាវះកាត់ ត្រូវភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ រួមមាន ប័ណ្ណ ប.ស.ស. ប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណសុខភាព ប្រសិនបើមាន។
លោក អូន សាវុធ បានឱ្យដឹងទៀតថា ក្នុងរយៈពេល៥ថ្ងៃនៃបេសកកម្មនេះ មិនមានការកំណត់ចំនួនកុមារ ឬអាយុរបស់កុមារដែលអាចមកទទួលសេវានោះទេ ដោយសារកម្មវិធីនេះមានគោលបំណងមនុស្សធម៌ និងជួយដល់កុមារដែលមានតម្រូវការព្យាបាល។ លោកបានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលដែលមានកូនកំពុងមានជំងឺ ឬមានភាពមិនប្រក្រតីពីកំណើត ហើយខ្វះលទ្ធភាពបង់ថ្លៃព្យាបាល និងវះកាត់នៅមន្ទីរពេទ្យឯកជន ឱ្យនាំកូនមកទទួលសេវាមនុស្សធម៌នេះ៕


