ខេត្តព្រះសីហនុ រៀបចំផែនការអភិវឌ្ឍន៍អេកូទេសចរណ៍ តាមរយៈការបង្កើតសហគមន៍ថ្មី ចំនួន៤ និងកែលម្អតំបន់ទឹកធ្លាក់ក្បាលឆាយអោយកាន់តែមានភាពទាក់ទាញបន្ថែមទៀត

នារសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ (បណ្តោះអាសន្ន) រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «ការអភិវឌ្ឍគោលដៅអេកូទេសចរណ៍ក្នុងខេត្តព្រះសីហនុ និងការត្រៀមរៀបចំកញ្ចប់ទេសចរណ៍សម្រាប់រដូវកាល ២០២៨ – ២០៣០» កិច្ចប្រជុំនេះដឹកនាំ លោក សាមុត សុធារឹទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធជាច្រើនរូប។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោក អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ និងខិតខំទាក់ទាញវិស័យទេសចរណ៍ក្នុងខេត្តឱ្យមានការកើនឡើងជាលំដាប់ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ លោកអភិបាលរងខេត្ត បានលើកឡើងនូវទិសដៅសំខាន់ៗ រួមមាន ការបង្កើតកញ្ចប់ទេសចរណ៍ដែលមានច្រើនជម្រើសសម្រាប់ភ្ញៀវ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងទាក់ទាញ ដើម្បីលក់អោយភ្ងៀវ អោយពួកគេស្នាក់នៅបានយូរថ្ងៃ ខេត្តព្រះសីហនុយើង មានប្រភពធនធានធម្មជាតិសម្បូរបែប ដូចជា ទឹកសាប ទឹកធ្លាក់ និងឆ្នេរសមុទ្រ ព្រមទាំងការរៀបចំបដិសណ្ឋារកិច្ច ពង្រឹងគុណភាពសេវាកម្មស្នាក់នៅ ម្ហូបអាហារ និងការថែរក្សាអនាម័យបរិស្ថានគឺជារឿងចាំបាច់ត្រូវកែលម្អរ។

នៅក្នុងឱកាសនោះដែរ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើបទបង្ហាញអំពីការរៀបចំបង្កើត សហគមន៍ទេសចរណ៍ថ្មីចំនួន ៤ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមមាន៖ សហគមន៍ បឹងរាំង

,សហគមន៍ ចុងអូរ, សហគមន៍ ជ្រលង, សហគមន៍ នេសាទព្រៃនប់២។

លោកបានបញ្ជាក់បន្ថែមថា ការបង្កើតសហគមន៍ទាំង ៤នេះ មានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖

ទី១. លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយនិរន្តរភាព និងមិនប៉ះពាល់ដល់ធនធានធម្មជាតិ។

ទី២. លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ទី៣. លើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

នៅពេលរៀបចំរួចរាល់ សហគមន៍ទាំង ៤ នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តក្នុងខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។ បន្ថែមលើសពីនេះ រដ្ឋបាលខេត្ត និងក្រសួងជំនាញ ក៏បានការកែលម្អ តំបន់ទឹកធ្លាក់ក្បាលឆាយបន្ថែមទៀត ដើម្បីបង្កើនភាពទាក់ទាញឱ្យកាន់តែប្រសើរឡើងផងដែរ។

អត្ថបទ: មនសូត្រ