រដ្ឋបាលខេត្តព្រះសីហនុ រៀបចំព្រះរាជពិធីគោរពវិញ្ញាណក្ខន្ធបង្សុកូល ថ្វាយព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ
ខេត្តព្រះសីហនុ៖ នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធ រៀបចំព្រះរាជពិធីគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការសោយទីវង្គត់ (១៥ តុលា ២០១២ – ១៥ តុលា ២០២៦)។
ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីគោរព និងកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះអង្គ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណដ៏ខ្ពង់ខ្ពស់បំផុតពេញមួយព្រះជន្មាយុ ក្នុងព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា ទាមទារឯករាជ្យពេញ លេញជូនជាតិមាតុភូមិពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ វិច្ឆិកា ១៩៥៣។
ទិវាថ្ងៃទី១៥ តុលា គឺជាប្រវត្តិសាស្ត្រដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំមិនភ្លេចនូវព្រះរាជបូជនីយកិច្ច និងព្រះមហាករុណាតិគុណដ៏ធំធេងមិនអាចកាត់ថ្លៃបាននេះ។ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមសច្ចាប្រណិធានខិតខំរួបរួមសាមគ្គីគ្នា ថែរក្សាសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង។ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា គ្មានថ្ងៃភ្លេចបានឡើយនូវព្រះមហាករុណាទិគុណដ៏ធំធេងមិនអាចកាត់ថ្លៃបាននេះ ហើយសូមសច្ចា ប្រណិធាននឹងខិតខំរួបរួមសាមគ្គីគ្នា ថែរក្សាសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងអភិវឌ្ឍប្រទេស ជាតិឱ្យកាន់តែរីកចម្រើនរុងរឿង។
ជាចុងក្រោយ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា
សូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រះបារមីនៃព្រះមហាវីរក្សត្រខ្មែរគ្រប់ព្រះអង្គ និងតេជបារមីនៃព្រះបរមរតនកោដ្ឋ សូមទ្រង់ប្រោសប្រទានពរជ័យ និងទ្រង់យាងទៅកាន់ព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕


