ទំនើបកម្មនៃ AI មនុស្សនឹងកាន់តែមិនមានការងារធ្វើ! នៅ Paris Motor Show បានបង្ហាញរថយន្តខ្នាតតូច RoboBus គ្មានអ្នកបើកបរ នឹងឈានដល់ផលិតបន្ទប់ខារ៉ាអូខេចល័ត-ទីតាំងលំហែចល័ត

យោងតាមសំដីរបស់ផលិតករបច្ចេកវិទ្យាថា៖ សូមលោកអ្នកសាកស្រមៃមើល៍ ប្រសិនបើអ្នកជិះរថយន្តក្រុងទៅធ្វើការ ហើយអាចចាប់ផ្តើមបំពេញការងារបានមុនពេលទៅដល់គោលដៅជាកន្លែងធ្វើការរបស់អ្នក ដោយមិនមែនគ្រាន់តែអង្គុយនៅលើកៅអីខាងក្រោយធម្មតានោះទេ ប៉ុន្តែគឺដូចជានៅក្នុងការិយាល័យដែលមានបំពាក់ឧបករណ៍ពេញលេញដែរ។ នេះគឺជាគំនិតមួយនៅពីក្រោយរថយន្តដ៏តូចកែច្នៃថ្មីដែលមានឈ្មោះថា  “RoboBus” ដែលជារថយន្តអគ្គិសនីខ្នាតតូចបើកបរដោយស្វ័យប្រវត្តិ អភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន PIX Moving។ រថយន្តនេះមិនមានកៅអីសម្រាប់អ្នកបើកបរ កាច់ចង្កូត ឬឈ្នាន់ហ្វ្រាំងដូចរថយន្តទូទៅនោះឡើយ។ ផ្ទុយទៅវិញ វាបានប្រើប្រាស់កាមេរ៉ា និងឧបករណ៍ចាប់សញ្ញា ឬ (sensors) ដើម្បីតាមដានបរិស្ថានជុំវិញតួរខ្លួនរបស់វា ខណៈដែលកុំព្យូទ័រក្នុងរថយន្តគ្រប់គ្រងចលនារបស់វា បានដំណើរការទាំងស្រុងតាមរយៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ការរចនានេះជួយបង្កើតទំហំធំទូលាយនៅខាងក្នុង សម្រាប់ឱ្យអ្នកដំណើរអង្គុយ ធ្វើការ ឬជួបជុំសន្ទនាគ្នាបាន។ ក្រុមហ៊ុននេះក៏មានគំនិតប្លែកៗផ្សេងទៀតអំពីរបៀបប្រើប្រាស់ទីតាំងខាងក្នុងវាផងដែរ។ នៅក្នុងពិព័រណ៍រថយន្ត Paris Motor Show ម៉ូដែលមួយក្នុងចំណោមម៉ូដែលដែលបានដាក់បង្ហាញ មានបំពាក់កៅអីពណ៌សទន់ល្មើយ និងតុដែលមានរចនាប័ទ្មរូបឆ្មា Micky ដែលមើលទៅហាក់ដូចជាបន្ទប់សម្រាកលំហែខ្នាតតូចដូច្នោះដែរ។ ក្រុមហ៊ុនក៏មានចក្ខុវិស័យក្នុងការបង្កើតជាបន្ទប់ខារ៉ាអូខេចល័ត ហាងលក់ទំនិញ និងសេវាកម្មផ្សេងៗទៀត ដែលអាចធ្វើដំណើរទៅដល់អតិថិជនដោយផ្ទាល់ និង មិនចាំបាច់ជួលមនុស្សជាអ្នកលក់នោះទេ។ លោកស្រី Nancy Lee ជានាយកផ្នែកអាជីវកម្មអន្តរជាតិរបស់ក្រុមហ៊ុន PIX Moving ចិន បានមានប្រសាសន៍ថា៖ RoboBus គឺជារថយន្តដឹកជញ្ជូនអ្នកដំណើរដែលបើកបរដោយស្វ័យប្រវត្តិបាន។ វាអាចដឹកមនុស្សពីចំណុចមួយទៅចំណុចមួយទៀត។ អ្វីដែលយើងកំពុងផ្តោតលើវា គឺជាការបង្កើតទីតាំងចន្លោះដែលអាចចល័តបាន ឬ (moving space)។ នៅពេលនិយាយដល់ការបើកបរដោយស្វ័យប្រវត្តិ អ្នកមិនចាំបាច់បើកបរដោយខ្លួនឯងនោះទេ។ ដោយសារតែវាមិនមានបំពាក់ចង្កូត ឬឈ្នាន់ហ្វ្រាំង អ្នកអាចធ្វើអ្វីក៏បាននៅខាងក្នុងទីធ្លានោះ។ ហេតុនេះហើយបានជាយើងហៅវាថាជា ‘ទីធ្លាដែលអាចចល័តបាន ឬ moving space នោះ។ អ្នកអាចប្រើវាជាបន្ទប់ខារ៉ាអូខេចល័តផង ជាតូបលក់ការ៉េមចល័ត ឬជាកន្លែងកម្សាន្តផ្សេងៗផង។ អ្នកអាចច្រៀងចម្រៀង ញ៉ាំការ៉េម ឬសូម្បីតែលេងអុកអំឡុងពេលធ្វើដំណើរទៅកាន់គោលដៅណាមួយក៏បានដែរ។ នេះគឺជាគោលគំនិតរបស់យើង៖ វាគឺជាទីធ្លាដែលអាចចល័តបាន សម្រាប់ផ្តល់សេវាកម្មតាមតម្រូវការរបស់អតិថិជនជាក់ស្តែង៕

សម្រួលអត្ថបទ៖ សុផារិន្ទ