ករណីយន្តហោះខ្នាតតូចធ្លាក់នៅរដ្ឋ Wisconsin សម្លាប់មនុស្ស៦នាក់! ដោយសារតែវាហោះឆ្លងកាត់តំបន់ត្រជាក់ មានទឹកកកតោងជាប់ក្រាស់លើស្លាបយន្តហោះធ្វើឱ្យគ្មានលំនឹង

យោងតាមអាជ្ញាធរបានឱ្យដឹងថា មនុស្ស ៦ នាក់ រួមទាំងកុមារម្នាក់ បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយនៅរដ្ឋ Wisconsin កាលពីថ្ងៃអង្គារកន្លងទៅ។ មុនពេលកើតហេតុ អ្នកបើកយន្តហោះបានរាយការណ៍ថាមានទឹកកក ផ្តុំគ្នាយ៉ាងក្រាស់នៅលើស្លាបយន្តហោះ ខណៈដែលគាត់កំពុងហោះហើរឆ្លងកាត់អាកាសធាតុមានព្យុះផ្គររន្ទះ។ ការិយាល័យនាយប៉ូលិសប្រចាំខោនធី Sauk (Sauk County Sheriff’s Department) បានឱ្យដឹងថា យន្តហោះប្រភេទម៉ាស៊ីនមួយ ដែលមានកៅអីអង្គុយចំនួន៦នោះ បានធ្វើដំណើរពីទីក្រុង Kenosha ទៅកាន់ទីក្រុង Menomonie មុនពេលវាធ្លាក់នៅមុនម៉ោង១០យប់ ក្នុងតំបន់ព្រៃមួយកន្លែងក្បែរឧទ្យានរដ្ឋ Mirror Lake (Mirror Lake State Park) ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីតំបន់ទេសចរណ៍ដ៏ពេញនិយម Wisconsin Dells នោះទេ។ នៅពេលនោះ គឺពិតជាមានភ្លៀងធ្លាក់ ជាមួយព្យុះផ្គររន្ទះ ដែលបានឆ្លងកាត់ទីប្រជុំជន Dellona។ ក្រុមប្រឹក្សាជាតិសុវត្ថិភាពដឹកជញ្ជូន (NTSB) បានឱ្យដឹងថា អ្នកបើកយន្តហោះបានជូនដំណឹងទៅកាន់អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសថា៖ មានទឹកកក កកកុញនៅលើស្លាបយន្តហោះម៉ូដែល Piper PA-46 របស់គាត់ដែលកំពុងហោះហើរ នៅរយៈកម្ពស់ ២៤,០០០ ហ្វីត ស្មើនឹង ៧,៣១៥ ម៉ែត្រ ហើយភ្លាមៗគាត់បានស្នើសុំការអនុញ្ញាតដើម្បីបន្ថយកម្ពស់ហោះហើរវិញ។ បណ្តុំទឹកកកនៅលើស្លាបយន្តហោះ គឺជាគ្រោះថ្នាក់ដ៏ធំមួយនៅក្នុងវិស័យអាកាសចរណ៍ ព្រោះថាទោះបីជាមានទឹកកកត្រឹមតែស្រទាប់ស្តើងមួយក៏ដោយ ក៏វាអាចធ្វើឱ្យយន្តហោះពិបាករក្សាលំនឹងនៅលើអាកាសបានដែរ។ NTSB បានបញ្ជាក់ថា អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានអនុញ្ញាតឱ្យយន្តហោះនោះបន្ថយកម្ពស់ប្រាកដមែន ហើយយន្តហោះក៏បានចាប់ផ្តើមបត់ទៅខាងស្តាំអំឡុងពេលចុះកំពស់ទាប។ ល្បឿននៃការបត់នេះបានកើនឡើងជាលំដាប់ រហូតទាល់តែការទំនាក់ទំនង និងការតាមដានទិន្នន័យត្រូវបានកាត់ផ្តាច់។ ការិយាល័យនាយប៉ូលិសខោនធី Sauk បានឱ្យដឹងទៀតថា ពួកគេទទួលបានសេចក្តីរាយការណ៍ជាច្រើនអំពីការធ្លាក់យន្តហោះនេះ។ អាជ្ញាធរបានបញ្ជាក់ថា មិនមានសំណង់ណាមួយរងការខូចខាតនោះទេ ហើយក៏មិនមានមនុស្សនៅលើដីរងរបួសនោះដែរ។ ឈ្មោះរបស់មនុស្សពេញវ័យ៥នាក់ និងកុមារម្នាក់ ដែលបានស្លាប់នៅលើយន្តហោះនោះ មិនទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយទេ។ NTSB នឹងដឹកនាំការស៊ើបអង្កេតលើហេតុការណ៍ធ្លាក់យន្តហោះនេះ ដែលបានកើតឡើងនៅចម្ងាយប្រហែល១៦គីឡូម៉ែត្រ ភាគខាងលិចនៃតំបន់ Wisconsin Dells។ ទីក្រុងនេះត្រូវបានគេស្គាល់ថាជា “រដ្ឋធានីនៃឧទ្យានទឹករបស់ពិភពលោក” (Waterpark Capital of the World) ដោយសារតែមានឧទ្យានទឹកជាច្រើនស្ថិតនៅទីតាំងនោះ។ យោងតាមមន្ត្រីទេសចរណ៍ប្រចាំរដ្ឋបានឱ្យដឹងថា តំបន់នេះបានទាក់ទាញភ្ញៀវទេសចរជាង៥លាននាក់ក្នុងឆ្នាំ២០២៥មកទស្សនា៕

សម្រួលអត្ថបទ៖ សុផារិន្ទ