មិនបន្ធូរដៃឡើយ! រុស្ស៊ីអះអាងថាបានវាយលុកគ្រប់គ្រងនិងពង្រីកតំបន់ Kharkiv ! ខណៈអ៊ុយក្រែនបញ្ជាក់ថាបានវាយដណ្តើមយកភូមិ-ទីប្រជុំជនចំនួន១៦មកវិញ

រុស្ស៊ីបានលើកឡើងថា៖ កងកម្លាំងរបស់ខ្លួនបានពង្រីកតំបន់គ្រប់គ្រងនៅក្នុងតំបន់ Kharkiv (ខាគីវ) ខណៈដែលនៅថ្ងៃពុធដដែលនោះ អ៊ុយក្រែនបានអះអាងថា ខ្លួនបានដណ្តើមយកភូមិ-ទីប្រជុំជនចំនួន១៦មកគ្រប់គ្រងវិញ។ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃកាលពីថ្ងៃពុធនោះដែរ ក្រសួងការពារ ជាតិរុស្ស៊ីបានឱ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងកម្លាំងរបស់ខ្លួនបានពង្រីកការគ្រប់គ្រងលើភូមិ-ទីប្រជុំជនចំនួន៣ នៅក្នុងតំបន់ Kharkiv រួមទាំងតំបន់ Kotovka ផងដែរ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា៖ កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារទៅលើគោលដៅរបស់អ៊ុយក្រែននៅក្នុងតំបន់ចំនួន ១៤៦ កន្លែង ដែលរួមមានទាំងទីតាំងផលិត និងស្តុកយន្តហោះដ្រូន (drones) ព្រមទាំងមូលដ្ឋានបណ្តោះអាសន្នសម្រាប់កងទ័ពអ៊ុយក្រែន និងកងទ័ពស៊ីឈ្នួលបរទេស។ លើសពីនេះ របាយការណ៍បានឱ្យដឹងទៀតថា៖ នៅថ្ងៃនោះដែរ កងកម្លាំងរុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនវាយប្រហារទៅលើមជ្ឈមណ្ឌលភស្តុភារកម្មរបស់អ៊ុយក្រែន ដែលជាកន្លែងសម្រាប់ស្តុកទុក និងចែកចាយសម្ភារផ្គត់ផ្គង់ដល់កងទ័ពអ៊ុយក្រែន ព្រមទាំងវាយប្រហារលើនាវាដឹកទំនិញមួយគ្រឿងដែលកំពុងដឹកជញ្ជូនទំនិញដែលអាចប្រើប្រាស់បានទាំងក្នុងវិស័យស៊ីវិល និងយោធា។ លោក Andriy Biletsky មេបញ្ជាការកងពលធំទី ៣ (3rd Army Corps) របស់អ៊ុយក្រែនបានិយាយថា៖ កងកម្លាំងអ៊ុយក្រែនបានរារាំងកងទ័ពរុស្ស៊ីមិនឱ្យវាយលុកពីចំហៀងចូលទៅក្នុងតំបន់ទីក្រុង Sloviansk-Kramatorsk (ស្លូវៀនស្ក៍-ក្រាម៉ាតូស្ក៍) និងមិនឱ្យឡោមព័ទ្ធតំបន់នោះបានឡើយ។ លោកបានបន្ថែមថា កងកម្លាំងអ៊ុយក្រែនក៏បានការពារផ្លូវហាយវេ Kharkiv–Sloviansk និងបានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំមួយផងដែរ។ យោងតាមមេបញ្ជាការរូបនេះបានបញ្ជាក់បន្ថែមថា៖ អំឡុងពេលនៃប្រតិបត្តិការ កងកម្លាំងអ៊ុយក្រែនបានដណ្តើមយកភូមិ-ទីប្រជុំជនចំនួន១៦មកស្ថិតក្រោមការគ្រប់គ្រងពេញលេញរបស់ខ្លួនវិញ៕

សម្រួលអត្ថបទ៖ សុុផារិន្ទ