ភាពតានតឹងរវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់កើនឡើងកាន់តែខ្លាំងលើច្រកសមុទ្រហ័រមូស! ដោយមានហេតុការណ៍ពន្លិចនាវា បំផ្ទុះនាវាដោយគ្រាប់មីនក្នុងសមុទ្រ
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានកើនឡើងយ៉ាងខ្លាំងនៅតំបន់ច្រកសមុទ្រហ័រមូស បន្ទាប់ពីមានហេតុការណ៍ថ្មីៗកើតឡើងនៅក្នុងដែនសមុទ្រ រួមទាំងការអះអាងផ្ទុយគ្នាពីភាគីទាំងពីរជុំវិញការគ្រប់គ្រងលើផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏មានសារៈសំខាន់លើយុទ្ធសាស្ត្រមួយនេះ។ លោក អាលី អាសម៉ៃ (Ali Azmaei) មេបញ្ជាការកងទ័ពជើងទឹកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានថ្លែងកាលពីយប់ថ្ងៃអង្គារថា៖ ការអះអាងរបស់សហរដ្ឋអាមេរិកដែលថាច្រកសមុទ្រហ័រមូសនៅតែបើកចំហទាំងស្រុងនោះ គឺ «ផ្ទុយពីការពិតទាំងស្រុង»។ លោក អាសម៉ៃ បានបញ្ជាក់ថា៖ កងទ័ពជើងទឹក IRGC កំពុងតាមដានតំបន់ឈូងសមុទ្រពែរ្ស និងច្រកសមុទ្រហ័រមូស «គ្រប់ពេលវេលា (២៤ម៉ោងលើ២៤ម៉ោង)» ដោយព្រមានថា៖ នាវាណាមួយដែលព្យាយាមឆ្លងកាត់តំបន់នេះ ចាំបាច់ត្រូវតែទទួលបានការអនុញ្ញាតជាមុន បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដែរ។ ការលើកឡើងរបស់លោកបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍កន្លងទៅថា៖ សហរដ្ឋអាមេរិកមានសិទ្ធិគ្រប់គ្រងយ៉ាងពេញលេញលើផ្លូវទឹកនេះ។ ស្រាប់តែនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធនេះដែរ កងទ័ពជើងទឹក IRGC បានឱ្យដឹងថា៖ មាននាវាដឹកទំនិញមួយគ្រឿងដែលផ្ទុកកុងតឺន័រចំនួន ២.៥០០ទូ បានលិចបន្ទាប់ពីបុកនឹងគ្រាប់មីនបង្កប់ក្នុងសមុទ្រ និងផ្ទុះឆេះ ខណៈដែលកំពុងព្យាយាមធ្វើដំណើរឆ្លងកាត់ផ្លូវមួយនៅក្នុងច្រកសមុទ្រហ័រមូស ដែលជាផ្លូវ «មិនមានការអនុញ្ញាត និងមានហានិភ័យខ្ពស់»។ រីឯខាង IRGC វិញក៏បានព្រមានដល់នាវាផ្សេងៗ និងអ្នកនេសាទដែលនៅក្បែរនោះ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងការប៉ះទង្គិចជាមួយសំណល់កុងតឺន័រដែលកំពុងអណ្តែតនៅលើផ្ទៃទឹក។ សូមរំលឹកថា នៅថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រហ័រមូស (Strait of Hormuz) ដោយហាមឃាត់ការធ្វើដំណើរដោយសុវត្ថិភាពរបស់នាវាទាំងឡាយណាដែលជាកម្មសិទ្ធិ ឬមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក្រោយពីប្រទេសទាំងពីរនេះបានរួមគ្នាវាយប្រហារលើទឹកដីអ៊ីរ៉ង់៕
សម្រួលអត្ថបទ៖ សុផារិន្ទ



