កំពង់ផែអន្តរជាតិចំនួន ៣ នៅខេត្តព្រះសីហនុ ជាចរន្តតភ្ជាប់ការដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារអន្តរជាតិ
ខេត្តព្រះសីហនុ ៖ ខេត្តព្រះសីហនុ មានសក្តានុពលខ្ពស់ក្នុងវិស័យគមនាគមន៍ និងដឹកជញ្ជូន ដោយមានប្រព័ន្ធដឹកជញ្ជូនសំខាន់ៗចំនួន ៣ រួមមាន កំពង់ផែអន្តរជាតិកែវផុស (ឧកញ៉ា ម៉ុង ឫទ្ធី) កំពង់ផែអន្តរជាតិស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាផ្នែកសំខាន់នៃបណ្តាញដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកពាណិជ្ជកម្មតាមសមុទ្រដ៏សំខាន់របស់ប្រទេស ខណៈបច្ចុប្បន្នកំពុងទទួលបានការអភិវឌ្ឍ និងពង្រីកសមត្ថភាពជាបន្តបន្ទាប់។
ពាក់ព័ន្ធប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ខេត្តព្រះសីហនុមានកំពង់ផែអន្តរជាតិចំនួន ៣ ដែលកំពុងដើរតួនាទីសំខាន់ក្នុងការដឹកជញ្ជូនទំនិញចេញចូលកម្ពុជា ទៅកាន់គោលដៅអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្នមានជម្រៅទឹក ១៣,៥ ម៉ែត្រ ខណៈរាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍជាបីដំណាក់កាល ដើម្បីអាចទទួលនាវាដឹកទំនិញធំៗកាន់តែច្រើន។
តាមផែនការ ការអភិវឌ្ឍដំណាក់កាលទី១ ពីឆ្នាំ ២០២៤ ដល់ ២០២៧ នឹងពង្រីកជម្រៅទឹកដល់ ១៤,៥ ម៉ែត្រ ដើម្បីអនុញ្ញាតឱ្យនាវាដែលមានទម្ងន់ផ្ទុក ៦០.០០០ តោន ចូលចតបាន។ ដំណាក់កាលទី ២ ពីឆ្នាំ ២០២៦ ដល់ ២០២៩ នឹងពង្រីកជម្រៅទឹកដល់ ១៦,៥ ម៉ែត្រ សម្រាប់នាវាដែលមានទម្ងន់ផ្ទុក ១២០.០០០ តោន ខណៈដំណាក់កាលទី៣ ពីឆ្នាំ ២០២៧ ដល់ ២០៣០ គ្រោងពង្រីកជម្រៅទឹកដល់ ១៧,៥ ម៉ែត្រ ដើម្បីអាចទទួលនាវាដែលមានទម្ងន់ផ្ទុក ១៦០.០០០ តោន។
បើតាមអភិបាលខេត្តព្រះសីហនុ នៅពេលគម្រោងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំង ៣ ដំណាក់កាលបញ្ចប់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងមានសមត្ថភាពទទួលនាវាដឹកទំនិញស្ទើរតែ ១០០% នៃនាវាដឹកទំនិញនៅលើពិភពលោក ដែលរំពឹងទុកនឹងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កំពង់ផែកម្ពុជាក្នុងតំបន់ និងអន្តរជាតិ។
ក្រៅពីបណ្តាញខ្សែដឹកជញ្ជូនតាមផ្លូវទឹកដ៏មានសក្តានុពល ខេត្តព្រះសីហនុក៏មានច្រកដឹកជញ្ជូនតាមផ្លូវគោកចម្រុះមានផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ៤ ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ រួមទាំងផ្លូវដែក ដែលជួយសម្រួលការដឹកជញ្ជូនទំនិញពីតំបន់ផលិតកម្មទៅកាន់កំពង់ផែ និងទីផ្សារនានា។
ចំណែកតាមផ្លូវអាកាស ខេត្តនៅតំបន់ឆ្នេរនេះក៏មានអាកាសយានដ្ឋានអន្តរជាតិមួយ ដែលរួមចំណែកក្នុងការតភ្ជាប់ខេត្តព្រះសីហនុ និងប្រទេសកម្ពុជាទៅកាន់គោលដៅនានាលើពិភពលោក៕


