ក្រសួងផែនការ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រចុះបញ្ជីគ្រួសារ និងសម្ភាសស្រង់ទិន្នន័យ ដោយប្រើប្រាស់ថាប្លែត (CAPI)

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្រសួងផែនការ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រចុះបញ្ជីគ្រួសារ និងសម្ភាសស្រង់ទិន្នន័យ ដោយប្រើប្រាស់ថាប្លែត (CAPI) ដល់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាន៍ សម្រាប់អង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមអធិបតី ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ។

 ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក ទៀវ រ៉ុងសា នាយករងវិទ្យាស្ថានជាតិស្ថិតិ តំណាងឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ បានអោយដឹងថា ការអង្កេតកម្លាំងពលកម្មកម្ពុជា គឺប្រតិបត្តិការប្រមូលទិន្នន័យស្ថិតិដ៏សំខាន់មួយរបស់វិទ្យាស្ថានជាតិស្ថិតិ ដែល មានគោលបំណង ផ្តល់ទិន្នន័យ និងសូចនាករសំខាន់ៗ អំពីស្ថានភាពកម្លាំងពលកម្ម និងទីផ្សារការងារនៅកម្ពុជា។ ទិន្នន័យដែលទទួលបានពីអង្កេតនេះ មានសារៈសំខាន់សម្រាប់ការវិភាគស្ថានភាពការងារ ការរៀបចំផែនការ និង គោលនយោបាយ ពាក់ព័ន្ធនឹងទីផ្សារការងារ ការតាមដានស្ថានភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងជាមូលដ្ឋានសម្រាប់ ការសម្រេចចិត្តដោយផ្អែកលើទិន្នន័យ និងភស្តុតាង។

 ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រិន វីរៈ បានមានប្រសាសន៍ថា វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ត ទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើឱ្យប្រសើឡើងនូវវិស័យស្ថិតិជាតិ ការផ្តល់នូវប្រព័ន្ឋស្ថិតិជាតិបែបឌីជីថល និងធ្វើ ការពិនិត្យឡើងវិញនូវលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ឋនានា ក្នុងនោះរួមមានការកែសម្រួលអនុក្រឹត្យស្តីពី កិច្ចដំណើរការ និងការប្រព្រឹត្តទៅរបស់ប្រព័ន្ឋស្ថិតិជាតិ និងអនុក្រឹតស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំងក្នុង គោលបំណងកំណត់ឱ្យក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ផលិត ប្រមូលចងក្រងស្ថិតិផ្លូវការដែលបានចាត់តាំង ទៅតាមវិស័យរបស់ខ្លួន និងដើម្បីគាំទ្រដល់សេចក្តីត្រូវការព័ត៌មានស្ថិតិសម្រាប់រៀបចំធ្វើផែនការ គោលនយោបាយ ជាតិ និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសកម្ពុជា ការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត គោលនយោបាយជាតិ ក៏ដូចជាបំពេញសេចក្តីត្រូវការ ព័ត៌មានរបស់អ្នកធ្វើសេចក្តីសម្រេចចិត្ត និងអ្នក ស្រាវជ្រាវក្នុងសហគមន៍ជាតិ និងអន្តរជាតិឱ្យបានទូលំទូលាយ។ 

ឯកឧត្តម រិន វីរៈ បានសង្ខេបអំពីសមិទ្ធផលសំខាន់ៗជាច្រើនដែលរាជរដ្ឋាភិបាលបាន ចំណាយលើការវិនិយោគផ្នែកស្ថិតិ រួមមានជំរឿនប្រជាជន ជំរឿនកសិកម្ម ជំរឿនសេដ្ឋកិច្ច អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា អង្កេតប្រជាសាស្ត្រនិងសុខភាព ស្ថិតិម៉ាក្រូសេដ្ឋកិច្ច មីក្រូសេដ្ឋកិច្ច ប្រព័ន្ធទំនើបកម្មស្ថិតិឌីជីថល ការរៀបចំប្រព័ន្ធថ្នាលផ្លាស់ប្តូរទិន្នន័យស្ថិតិនិងអង្កេតផ្សេងៗទៀតជាដើម។ ឯកឧត្តម រិន វីរៈ បានសង្កត់ធ្ងន់ថា តួនាទីរបស់អស់លោក លោកស្រី ដែលជាមន្ត្រីត្រួតពិនិត្យ និងមន្ត្រី សម្ភាសន៍ទាំងអស់ពិតជាមានសារសំខាន់ខ្លាំងណាស់ ជាឆ្អឹងខ្នង នៃការងារអង្កេតនេះ។ មន្រ្តីទាំហអស់ ជាអ្នកបង្ហាញភាពជាក់ស្តែងនៃសង្គមតាមរយៈទិន្នន័យដែលពាក់ព័ន្ធការងារ និងកម្លាំងពលកម្ម។ ការសម្ភាសត្រឹមត្រូវ ការកត់ត្រាចម្លើយទៅតាមបទដ្ឋានបច្ចេកទេស CAPI និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈគឺជាចំណុចស្នូល ក្នុងការធានាថា ទិន្នន័យដែលយើងប្រមូលបាន គឺត្រឹមត្រូវ ជាក់ស្តែង មិនភូតកុហក មានគុណភាព អាចជឿជាក់ និងអាចប្រើប្រាស់បាន។

 វគ្គបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ នៃអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៦ ពិត ជាមានសារសំខាន់ខ្លាំងណាស់ វាគឺជាកត្តាជាក់លាក់កំណត់នូវភាពជោគជ័យ កំណត់នូវគុណភាពទិន្នន័យ ដែលនឹងបានមកពីការខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រី ដែលជាគ្រូឧទ្ទេសនាម ជាមន្ត្រីត្រួតពិនិត្យ និងជាមន្ត្រីសម្ភាសន៍ នៅក្នុងការងារជាតិមួយនេះ៕